មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អំពាវនាវឱ្យគ្រប់ភាគីចូលរួមទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើកុមារ
07-09-2026 15:01
(តាកែវ)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានអំពាវនាវយ៉ាងទទូចដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើកុមារ សំដៅលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធនៅខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២៦។
លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា អំពើហិង្សាលើកុមារ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។ កុមារកម្ពុជាជាច្រើនកំពុងប្រឈមនឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់ ដែលមិនត្រឹមតែបំផ្លាញសេចក្តីសុខប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់អនាគតសេដ្ឋកិច្ច និងធនធានមនុស្សរបស់ប្រទេសជាតិទៀតផង។
លោកស្រី ខៀវ បូរី បានបន្ថែមថា ផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ ២០២៥-២០៣០ គឺជាផែនការដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវការបញ្ឈប់អំពើហិង្សាលើកុមារ។ ការងារនេះមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែឯងនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រួសារ អង្គការសង្គមស៊ីវិល សហគមន៍ និងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះ ឪពុក ម្តាយ អាណាព្យាបាល និងអ្នកមើលថែទាំកុមារ ក៏ត្រូវទទួលបានការបណ្តុះបណ្តាលអំពីសិទ្ធិកុមារ និងវិធីសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមានផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី ឡុង ប៉ូណារេត អភិបាលរងខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តបានអនុវត្តសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់ និងការពារសិទ្ធិកុមារ ព្រមទាំងបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ និងណែនាំដល់ឪពុក ម្តាយគ្រប់រូប ឱ្យអប់រំ និងចិញ្ចឹមកូនបែបវិជ្ជមាន ជាជាងការប្រើប្រាស់អំពើហិង្សា ដែលគំរាមកំហែងដល់ផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ។ ការការពារកុមារគឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាអនាគតដ៏ភ្លឺស្វាងសម្រាប់កម្ពុជា៕














