មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរក្រចេះ ចុះណែនាំពលរដ្ឋឱ្យផ្អាកសកម្មភាពកាប់ឈើដុតធ្យូង ដើម្បីការពារធនធានធម្មជាតិ
07-09-2026 15:01
(ក្រចេះ)៖ មន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចុះត្រួតពិនិត្យ និងអប់រំណែនាំផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមទីតាំងឡរធ្យូង និងដេប៉ូស្តុកធ្យូង ស្ថិតក្នុងភូមិ ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
គោលបំណងនៃប្រតិបត្តិការនេះ គឺដើម្បីជំរុញឱ្យពួកគាត់បញ្ឈប់សកម្មភាពកាប់ទន្ទ្រានព្រៃឈើយកមកដុតធ្យូង និងចូលរួមអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ប្រតិបត្តិការចុះណែនាំនេះ បានធ្វើឡើងកាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ ក្រុមការងារបានចុះដល់ខ្នងផ្ទះ និងទីតាំងឡរធ្យូងជាក់ស្ដែង ដើម្បីពន្យល់ណែនាំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការបំផ្លាញព្រៃឈើ ដែលអាចបង្កឱ្យមានគ្រោះធម្មជាតិ និងបាត់បង់ជីវៈចម្រុះ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការចុះអនុវត្តវិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ និងសកម្មភាពដេញថតរបស់ក្រុមអ្នកសារព័ត៌មាន លើរថយន្តសាំយ៉ុង និងគោយន្តកន្ត្រៃដែលដឹកជញ្ជូនអុស និងធ្យូងក្នុងមូលដ្ឋាន។ ក្រោយទទួលបានព័ត៌មាននេះ ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើបានចេញបទបញ្ជាឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងត្រួតពិនិត្យផ្ទាល់ភ្លាមៗ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។
ជាលទ្ធផល ក្រុមការងារបានធ្វើការអប់រំណែនាំដល់ម្ចាស់ឡរធ្យូង និងប្រជាពលរដ្ឋឱ្យបញ្ឈប់ការកាប់ឈើបញ្ចូលឡរជាបន្តទៀត។ ថ្វីត្បិតតែការពិនិត្យឃើញថា ពលរដ្ឋមួយចំនួនគ្រាន់តែប្រមូលទិញកាកសំណល់ ឬកម្ទេចធ្យូងយកទៅកែច្នៃធ្វើជាជី និងធ្យូងអនាម័យសម្រាប់ប្រើប្រាស់ក្នុងស្រុកក៏ដោយ ក៏មន្ត្រីជំនាញ និងអាជ្ញាធរនៅតែស្នើសុំឱ្យពួកគាត់ផ្អាកសកម្មភាពកាប់ដឹកជញ្ជូនឈើ និងធ្យូងទាំងស្រុង ដើម្បីរួមគ្នារក្សាការពារធនធានព្រៃឈើដែលនៅសេសសល់ឱ្យបានគង់វង្ស៕





