លោក ណាសៀត អូស្មាន អញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំសុខភាព និងអនាម័យកុមារា (ខតាន់) ចំនួន១០០នាក់ នៅខេត្តពោធិ៍សាត់
07-09-2026 14:35
(ពោធិ៍សាត់)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា (សមយក) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអប់រំសុខភាព និងអនាម័យកុមារា (ខតាន់) ជូនកុមារា ចំនួន១០០នាក់ នៅវិហារឥស្លាមភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា (CMYA)។
ក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានថ្លែងថា កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាព និងអនាម័យកុមារ តាមរយៈការផ្តល់សេវាធ្វើអនាម័យកុមារា (ខតាន់) ប្រកបដោយសុវត្ថិភាព ជូនដល់កុមារនៅក្នុងមូលដ្ឋាន, ជួយសម្រួល និងកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងការទទួលបានសេវាសុខភាពអនាម័យ (ខតាន់) សម្រាប់កូនៗ ដោយឥតគិតថ្លៃ ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព និងការងារមនុស្សធម៌ ស្តែងចេញពីកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងការចុះជួយសម្រួលទុក្ខធុរៈ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមយក (CMYA) ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យកម្មវិធីមនុស្សធម៌នេះដំណើរការទៅដោយរលូន។
ស្របពេលជាមួយគ្នានោះ ក្នុងស្មារតីពង្រឹងកម្លាំងសាមគ្គីភាព និងបំផុសស្មារតីការងារស្ម័គ្រចិត្ត ក្នុងថ្ងៃដដែលនេះ លោក ណាសៀត អូស្មាន ក៏បានអញ្ជើញជួបជុំសំណេះសំណាល និងពិសាអាហារសាមគ្គីយ៉ាងស្និទ្ធស្នាល ជាមួយថ្នាក់ដឹកនាំ យុវជន និងសកម្មជនសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា ចំនួន៦០នាក់ នៅវិហារឥស្លាមភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
បន្ទាប់មក លោកបានបន្តដំណើរអញ្ជើញជួបជុំសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសកម្មជនយុវជនចំនួន ៦០នាក់បន្ថែមទៀត នៅវិហារឥស្លាមហារ៉ម៉ៃ ភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងជំនួបសំណេះសំណាល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនោះ លោកប្រធានសមាគម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសកម្មជនយុវជនទាំងអស់ ដែលតែងតែរួមដៃគ្នាជាកម្លាំងសុឆន្ទៈក្នុងការចុះជួយសង្គមជាតិ និងសហគមន៍នាពេលកន្លងមក។ លោកក៏បានបន្តជំរុញ និងលើកទឹកចិត្តឱ្យយុវជនទាំងអស់ បន្តក្តាប់ជាប់នូវស្មារតីសាមគ្គីភាព ឯកភាព និងបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕


























