ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារបន្តអភិវឌ្ឍន៍ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង តាមរយៈការដាំកូនឈើ និងបំពាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវ
07-09-2026 14:30
(សៀមរាប)៖ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា ព្រមទាំងជាប្រធានក្រុមការងារចុះជួយឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមជាមួយក្រុមការងារ បានបន្តសកម្មភាពអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានដាំកូនឈើចម្រុះប្រមាណជាង ៦០០ដើម នៅអមសងខាងផ្លូវប្រវែង ៣ ៣៥០ម៉ែត្រ។
ជាមួយគ្នានេះ ក្រុមការងារក៏បានផ្តល់ជូនពលរដ្ឋនូវអំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត ធ្វើឱ្យឃុំកន្ទ្រាំងទាំងមូលទទួលបានអំពូលសូឡាបំភ្លឺផ្លូវជាង ៤០០បង្គោល។
លោក ឃាម ឆាង មេឃុំកន្ទ្រាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារ ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ ចាប់តាំងពីឆ្នាំ២០១៧ មក។
លោកមេឃុំបានបញ្ជាក់ថា ឃុំកន្ទ្រាំងទទួលបានសមិទ្ធផលថ្មីៗជាច្រើន រួមមាន ផ្លូវកៅស៊ូ ផ្លូវបេតុង ហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាម សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ ពិសេសជាងនេះទៅទៀត ការបំពាក់អំពូលសូឡាបានធ្វើឱ្យមានភ្លើងបំភ្លឺនៅពេលយប់ ដែលជួយកាត់បន្ថយអំពើមិនគប្បី និងលើកកម្ពស់សុវត្ថិភាពសង្គម។
លោកស្រី ថៃ ឡូត ជាពលរដ្ឋភូមិតាត្រាវ បានបង្ហាញពីអារម្មណ៍រីករាយចំពោះការអភិវឌ្ឍនេះ ដោយបានកត់សម្គាល់ថា ក្រោយពីមានផ្លូវស្អាត និងភ្លើងបំភ្លឺ ពលរដ្ឋមួយចំនួនបានចាប់អារម្មណ៍លើការហាត់ប្រាណដើម្បីសុខភាព ដូចជាការជិះកង់ ដើរ និងរត់ជាក្រុម ដែលជួយបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។
លោក លន់ លី មេភូមិតាត្រាវ ក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធផលទាំងចាស់ទាំងថ្មី និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តរក្សាស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ឱកាសពេញលេញសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ និងក្រុមការងារ ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

























