FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ

07-09-2026 12:24

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៦នេះ មានរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតចុងក្រោយនឹងធ្វើឡើងរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧។

ការបញ្ជាក់បែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

នៅចំពោះមុខភាគីពាក់ព័ន្ធ, លោក ប្រាជ្ញ ចន្ទ បានបន្តថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី១១ ចាប់តាំងពី គ.ជ.ប បានរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០១៦ តាមប្រព័ន្ធកុំព្យូទ័រដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ សម្រាប់សម្គាល់ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ។ ការប្រើប្រាស់ប្រព័ន្ធជីវមាត្រ មានគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតកាន់តែមានគុណភាព មានភាពពេញលេញ ត្រឹមត្រូវ សុវត្ថិភាព និងមានបច្ចុប្បន្នភាពសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។

លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ ក៏ផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រផងដែរ។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា៖ «ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺជាការចាំបាច់ណាស់ ពីព្រោះជាលក្ខណៈធម្មជាតិ ក្នុងរយៈពេល ១០ឆ្នាំ ភិនភាគរបស់មនុស្សយើងតែងតែមានការប្រែប្រួលមួយចំនួន ដូចជាមុខមានភាពចាស់ជាងមុន និងខ្ចៅដៃសឹកជាដើម ដែលនាំឱ្យមានភាពប្រែប្រួល ឬខុសពីទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត ដែលអ្នកបោះឆ្នោតបានចុះឈ្មោះកាលពី ១០ឆ្នាំមុន»។

ជាមួយគ្នានេះដែរ លោក ប្រាជ្ញ ចន្ទ បានបន្តថា បញ្ហានេះអាចនាំឱ្យមានការលំបាកក្នុងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត ហើយអាចឈានដល់ការប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់អ្នកបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ ហេតុនេះហើយ ចាប់ពីឆ្នាំ២០២៥កន្លងមក គ.ជ.ប បានសម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ លើសពីនេះទៀត នៅក្នុងឆ្នាំ២០២៦នេះ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដោយថតរូប និងផ្តិតមេដៃ នឹងត្រូវអនុវត្តចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និង២០១៧ ហើយមិនធ្លាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រពីមុនមក។

គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានសារៈសំខាន់ខ្លាំង ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវយល់ដឹង និងត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។ ការចុះឈ្មោះ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនៅឆ្នាំនេះ មានរយៈពេលកើនឡើង ខណៈកាលពីឆ្នាំមុន មានរយៈពេលត្រឹមតែ ២៦ថ្ងៃប៉ុណ្ណោះ៕