មន្ទីរបរិស្ថានខេត្តរតនគិរី ថ្កោលទោសការដុតបំផ្លិចបំផ្លាញទីស្នាក់ការរងឧទ្យានុរក្សស្រែជ្រៃ,​ ករណីនេះផ្តើមចេញពីការញុះញង់របស់ជនខិលខូច​ក្រោយមន្ត្រីណែនាំឱ្យបញ្ឈប់សកម្មភាពជីករ៉ែមាសខុសច្បាប់

07-09-2026 11:43

(រតនគិរី)៖ មន្ទីរបរិស្ថានខេត្តរតនគិរី នៅពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ បានចេញមកបដិសេធទាំងស្រុងចំពោះការចោទប្រកាន់មួលបង្កាច់លើមន្ត្រីឧទ្យានុរក្ស និងថ្កោលទោសចំពោះអំពើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (ដុតម្ទេចចោលទីស្នាក់ការរងឧទ្យានុរក្សស្រែជ្រៃ)។

ការចេញបដិសេធរបស់មន្ទីរបរិស្ថានខេត្តរតនគិរី​ បានធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ តែត្រូវជនឆ្លៀតឱកាសយកមកធ្វើជាលេស ដើម្បីចោទប្រកាន់ និងញុះញង់ឱ្យប្រជាពលរដ្ឋដុតបំផ្លាញទីស្នាក់ការរងឧទ្យានុរក្សស្រែជ្រៃ។

មន្ទីរបរិស្ថានខេត្តរតនគិរី​ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០:១២នាទីព្រឹក​ មន្ត្រីឧទ្យានុរក្សនៃទីស្នាក់រងស្រែជ្រៃនៃដែនជម្រកសត្វព្រៃលំផាត់ បានចុះល្បាត និងប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសច្បាប់ប្រមាណ៨០នាក់ កំពុងជីករករ៉ែមាស ដោយអនាធិបតេយ្យនៅចំណុចភូមិថ្មី (ស្រែជ្រៃ​) ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី ស្ថិតក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃលំផាត់។

ក្នុងប្រតិបត្តិការនេះ​ មន្ត្រីឧទ្យានុរក្សបានធ្វើការទប់ស្កាត់ និងណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពដោយសន្តិវិធី ពីព្រោះនេះជាសកម្មភាពខុសច្បាប់ត្រង់មាត្រា៨៥០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិដោយពុំមានបង្កជាអំពើហិង្សា ឬការផ្ទុះអាវុធឡើយហើយពួកគាត់ក៏បានចាកចេញពីទីនោះនៅវេលាម៉ោង១១:២០នាទី។

ប្រមាណ២ម៉ោងក្រោយមក គឺនៅម៉ោង១៣:១៥ មន្ទីរបរិស្ថានខេត្តរនគិរី បានទទួលព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរយ៉ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្តាលឱ្យមានការបាត់បត់ជីវិតមនុស្សម្នាក់។ ហេតុការណ៍នេះត្រូវបានជនឆ្លៀតឱកាសយកមកធ្វើជាការចោទប្រកាន់មកលើមន្ត្រីឱទ្យានុរក្សផង​ និងញុះញង់បង្កជាបញ្ហាឈានដល់ការកម្ទេច​ និងដុតទីស្នាក់ការរងឧទ្យានុរក្ស។

មន្ទីរបរិស្ថានខេត្តសូមធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង​ និងសូមថ្កោលទោសចំពោះការប្រព្រឹត្តអំពើខុសច្បាប់៖ ការបរិហារកេរ្តិ៍ជាសាធារណៈការញុះញង់បង្កអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ និងការធ្វើឱ្យបាត់បង់ធនធានធម្មជាតិរបស់ជាតិកម្ពុជា៕