រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតព្រីតថេន (អង់គ្លេស) ធ្វើដំណើរសាកល្បងសេវារថយន្ដក្រុងសាធារណៈ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ មកកណ្តាលរាជធានីភ្នំពេញ

07-09-2026 11:39

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងសហការីពីស្ថានទូតព្រីតថេន (អង់គ្លេស) សាកល្បងការធ្វើដំណើរតាមសេវារថយន្តក្រុងសាធារណៈ (Airport Express Bus) ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ដែលផ្តល់សេវាដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

សេវារថយន្តក្រុងប្រកបដោយផាសុកភាពនេះ មានតម្លៃធ្វើដំណើរត្រឹមតែ១.៥០០រៀល ប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ពោលគឹរង្វង់មូលគួចកាណុងតែម្តង ដោយរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស។ សេវារថយន្តក្រុងនេះ ដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥:៣០ ព្រឹក ដល់ម៉ោង ១០:៣០យប់។

ការធ្វើដំណើរតាមរថយន្តនេះ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ មិនត្រឹមតែសន្សំសំចៃថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ ថែមទាំងអាចទស្សនាទេសភាពតាមដងផ្លូវ និងស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើដំណើរផងដែរ៕