FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី

07-09-2026 11:21

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីទោ Bradley Smith មេបញ្ជាការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកអូស្ត្រាលី។

គួរជម្រាបថា តបតាមការអញ្ជើញរបស់លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងដំណើទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបប្រជុំទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ព្រមទាំងជួបពិភាក្សាការងារ ជាមួយមន្ត្រីយោធានៃកងទ័ពអូស្ត្រាលីមួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មីនូវទំនាក់ ទំនងជាមិត្តភាព និងជាប្រវត្តិសាស្ត្រជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដែលកំពុងមានការរីកចម្រើនជាលំដាប់៕