FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

07-09-2026 11:11

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបាន រៀបចំពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃ និងបង្ហាញពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងអាណត្តិទី៥ នៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាតួនាទីក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការពង្រឹងអភិបាលកិច្ចមូលដ្ឋាន។

ពិធីសន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកាដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបជិត ១.៦០០ នាក់ ទាំងមានវត្តមានផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

នេះជាលើកទី៣ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត។

ថ្លែងក្នុងឱកាសបើកសន្និបាតនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះលោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងពីសមិទ្ធផលដ៏ត្រចះត្រចង់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាក់ឫសកាន់តែរឹងមាំក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា រយៈពេលជាងពីរទសវត្សរ៍មកនេះ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាតំណាង ការចូលរួម តម្លាភាព គណនេយ្យភាព និងភាពជាម្ចាស់នៅមូលដ្ឋាន។

លោកបានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានបំពេញតួនាទីកាន់តែទូលំទូលាយ ទាំងការងាររដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសង្គម ការគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រី និងកុមារ អនាម័យ បរិស្ថាន ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មឌីជីថល។ ជាក់ស្តែង រដ្ឋបាលឃុំ-សង្កាត់បានអនុវត្ត និងបញ្ចប់គម្រោងសេដ្ឋកិច្ចសរុប ៩.៨២៤គម្រោង រួមមាន ការសាងសង់ និងកែលម្អផ្លូវបេតុងជាង ៤.៥២០គីឡូម៉ែត្រ ផ្លូវគ្រួសក្រហមជាង ១១.៤៣៤គីឡូម៉ែត្រ ព្រមទាំងផ្លូវកៅស៊ូ ស្ពានបេតុងខ្នាតតូច ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ។

លោកអភិសន្តិបណ្ឌិត ស សុខា បានបន្តថា «សមិទ្ធផលទាំងនេះ បានរួមចំណែកតភ្ជាប់មូលដ្ឋានទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងតំបន់សេដ្ឋកិច្ច កាត់បន្ថយចំណាយ និងពេលវេលាធ្វើដំណើរ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលឃុំ-សង្កាត់បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវារដ្ឋបាល ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ការគាំទ្រជនងាយរងគ្រោះ ការសម្រុះសម្រួលវិវាទ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការប្រើប្រាស់ FMIS Portal ប្រព័ន្ធតាមដានថវិកា និងឧបករណ៍ឌីជីថល បានរួមចំណែកធ្វើទំនើបកម្មរដ្ឋបាល ពង្រឹងភាពត្រឹមត្រូវនៃទិន្នន័យ និងលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រងថវិកា»

លោកអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា សមិទ្ធផលក្នុងអាណត្តិទី៥នេះ បានបង្ហាញពីការរីកចម្រើននៃសមត្ថភាពរដ្ឋបាលមូលដ្ឋាន ភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះមិនត្រឹមតែជាមោទនភាពរបស់រដ្ឋបាលមូលដ្ឋាប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃភាពចាស់ទុំ ការរីកចម្រើន និងការពង្រឹងជាលំដាប់នៃប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

សូមជម្រាបផងដែរ បច្ចុប្បន្ននេះ ចំនួនរដ្ឋបាលឃុំ សង្កាត់ទូទាំងប្រទេសមានចំនួនសរុប ១.៦៥២ និងមានសមាជិកក្រុមប្រឹក្សាសរុប ចំនួន ១១.៦២២ រូប ក្នុងនោះស្រីចំនួន ២.៥៩២រូប (ដែលស្មើនឹង២២,៣%) ក្នុងនោះមេឃុំចំនួន ១.៣៨៥រូប ស្រីចំនួន ១៣៩រូប (១០%) ចៅសង្កាត់ចំនួន ២៦៧រូប ស្រីចំនួន ៣៤រូប (១២,៧%)។

រដ្ឋបាលឃុំ សង្កាត់ត្រូវបានផ្តល់ស្វ័យភាព និងធនធានកាន់តែច្រើនឡើង ក្នុងការចាត់ចែង និងគ្រប់គ្រងកិច្ចការរដ្ឋបាល និងការអភិវឌ្ឍនៅមូលដ្ឋាន។ មូលនិធិឃុំ សង្កាត់បានកើនឡើងគួរឱ្យកត់សម្គាល់ពីប្រមាណជិត ៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០០២ រហូតដល់ជាង ៣៥០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីឆន្ទៈឥតងាករ៉េរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ទោះបីជាមានសមិទ្ធផលគួរជាទីមោទនៈទាំងនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់នូវភាពចន្លោះប្រហោងមួយចំនួនក្នុងការអនុវត្តជាក់ស្តែង។ បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានការរួមគ្នាបន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការឆ្លើយតប ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវគោលបំណងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕