FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារ CPP ចុះជួយមូលដ្ឋាន​ឃុំ​ហោងសំណុំ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ បាន​នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន​ ២វត្ត នៅឃុំ​ហោងសំណុំ

07-09-2026 11:08

(កំពង់ស្ពឺ)៖ នាថ្ងៃទី០៦​ ​ខែ​កញ្ញា​ ឆ្នាំ២០២៦​ លោកបណ្ឌិត​ កែរ​ រដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកឱរ៉ាល់​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំ​ហោងសំណុំ​ ព្រមទាំង​លោក​ លោក​ស្រី​ អនុ​ប្រធាន​ និង​សមាជិក​ក្រុមការងារចុះ​ជួយ​ឃុំ​ ក្រុម​ប្រឹក្សា​ឃុំ​ សាខា​បក្ស​ភូមិ​ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន​ ២វត្ត ​រួម​មាន​ វត្ត​សុច័ន្ទគីរី​ ហៅវត្តភ្នំចាស់​ នៅភូមិ​មនោរម្យ​ និង​វត្ត​មណីឧត្តម​ ហៅវត្ត​តាំង​របង​ នៅភូមិតាំងរបង​ ឃុំ​ហោង​សំណុំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

ដោយក្នុងមួយវត្តប្រគេននូវថវិកាចំនួន ៥០០.០០០រៀល ទៀនវស្សា១​ដើម​, អង្ករ១បេ (៥០គីឡូ), មី ២កេស, ទឹកបរិសុទ្ធ ២កេស,​ ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ​ និង​ត្រី​ងៀត​ ២គីឡូ​ ។

បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រីមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោកបណ្ឌិត​ កែរ​ រដ្ឋា​ បាន​ជូន​ថវិកា​ដល់​ លោក​តា​អាចារ្យ​ និង​គណៈកម្មការ​វត្ត​ ​លោកតាជី​ យាយ​ជី​ សរុបចំនួន​ថវិកា​ ៣៦០.០០០រៀល​ ។
បន្ទាប់មក​ លោកតា លោកយាយ​ ក៏បានជូនពរជ័យសិរីមង្គលដល់លោកបណ្ឌិត កែរ​ រដ្ឋា​ និងក្រុមការងារទាំងអស់ សូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕