FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ខៀវ កាញារីទ្ធ៖ បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» មិនមែនគ្រាន់តែដើម្បីរំឭកអំពីជីវប្រវត្តិរបស់ថ្នាក់ដឹកនាំជំនាន់ តែដើម្បីផ្ទេរបទពិសោធ មេរៀនប្រវត្តិសាស្ត្រ និងគុណតម្លៃនៃការដឹកនាំទៅកាន់អ្នកជំនាន់ក្រោយ

07-09-2026 10:48

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានលេីកឡេីងថា បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» មិនមែនគ្រាន់តែដើម្បីរំឭកអំពីជីវប្រវត្តិរបស់ថ្នាក់ដឹកនាំជំនាន់មុនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីផ្ទេរបទពិសោធ មេរៀនប្រវត្តិសាស្ត្រ និងគុណតម្លៃនៃការដឹកនាំទៅកាន់អ្នកជំនាន់ក្រោយ។

លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់បែបនេះ ធ្វេីឡេីងក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាបាឋកថាជាស៊េរី នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមាន ៧ មករា។

ក្នុងឱកាសនោះ លោកបានកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរៀបចំបាឋកថាជាស៊េរីនេះ ដោយចាត់ទុកថា ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការរក្សាខ្សែទំនាក់ទំនងនៃប្រវត្តិសាស្ត្រ និងការផ្ទេរបទពិសោធពីជំនាន់មួយទៅជំនាន់មួយ ដើម្បីកុំឱ្យការយល់ដឹងអំពីអតីតកាល និងគុណតម្លៃដែលបានកសាងឡើងដោយការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ត្រូវបាត់បង់ទៅតាមពេលវេលា។

លោកបានសង្កត់ធ្ងន់ថា ការស្គាល់ប្រវត្តិសាស្ត្រ និងបរិយាកាសនយោបាយនៃសម័យកាលនីមួយៗ ព្រមទាំងមូលហេតុ និងកាលៈទេសៈដែលនាំទៅដល់ការសម្រេចចិត្តសំខាន់ៗ គឺជាគ្រឹះចាំបាច់សម្រាប់ឱ្យអ្នកជំនាន់ក្រោយអាចវាយតម្លៃបានត្រឹមត្រូវចំពោះដំណើរតស៊ូ ការលះបង់ និងសមិទ្ធផលដែលអ្នកជំនាន់មុនបានកសាង និងបន្សល់ទុកជូនជាតិ និងប្រជាជន។

លោក ខៀវ កាញារីទ្ធ បានបន្ថែមថា តាមរយៈការចែករំលែកដោយផ្ទាល់ពីបទពិសោធដែលថ្នាក់ដឹកនាំជំនាន់មុនធ្លាប់ឆ្លងកាត់ បានបង្កើតចំណងនៃការយល់ដឹងរួម ដែលអាចឱ្យអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយធ្វើការជាមួយគ្នា បន្តការងារពីគ្នា និងរួមគ្នាថែរក្សា ពូនជ្រំ ព្រមទាំងអភិវឌ្ឍសមិទ្ធផលដែលមានស្រាប់ឱ្យកាន់តែរឹងមាំ៕