FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ និងគណៈមេធាវីកម្ពុជា ចុះ MoU ពង្រឹងកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍

07-09-2026 09:31

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍»។

អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ មានសុពលភាពរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ និងជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បន្ទាប់ពីអនុស្សរណៈលើកទី១ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានចូលរួមផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងគាំទ្រការងាររបស់ក្រសួងទេសចរណ៍។

តាមរយៈអនុស្សរណៈនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ជួយសម្របសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងចូលរួមសិក្សា និងផ្តល់អនុសាសន៍លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍វិស័យទេសចរណ៍ ដើម្បីរួមចំណែកកែលម្អក្របខណ្ឌគតិយុត្ត និងការពារផលប្រយោជន៍ភ្ញៀវទេសចរនៅកម្ពុជា។

ជាមួយគ្នានេះ លោក សាំង វណ្ណៈ បានគូសបញ្ជាក់ថា គណៈមេធាវីនឹងចូលរួមជួយរៀបចំសេចក្តីព្រាងច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សិក្សាពីភាពខ្វះចន្លោះនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាក្នុងចំណោមមេធាវី និងសាធារណជន តាមរយៈសិក្ខាសាលា និងព្រឹត្តិការណ៍នានា។

លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើដល់គណៈមេធាវី បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ក្នុងការរៀបចំ និងកែសម្រួលច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សរុបចំនួន១០គម្រោង ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់ដល់មន្ត្រីរាជការក្រសួងទេសចរណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ក្រសួងទេសចរណ៍ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ កែលម្អក្របខណ្ឌគតិយុត្តក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់បរិយាកាសទេសចរណ៍ប្រកបដោយគុណភាព ទំនុកចិត្ត និងការការពារផលប្រយោជន៍របស់ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធ៕