FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សាភ្ជាប់នឹងទេសចរណ៍»

07-09-2026 09:22

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរ និងអង្គភាពពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សាភ្ជាប់នឹងទេសចរណ៍» នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥៖៣០នាទីព្រឹក នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបាន ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជំរុញសកម្មភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនា និងកម្សាន្តនៅខេត្តសៀមរាបក្នុងរដូវកាលបៃតង។

ជាពិសេស អ្នកចូលរួមនឹងមានឱកាសផ្តិតយកទិដ្ឋភាពដ៏អច្ឆរិយៈនៃសមរាត្រី និងថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងទេសចរណ៍ បញ្ជាក់ថា សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចចុះឈ្មោះតាមរយៈ QR Code ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមិនមានការបង់ថ្លៃឡើយ។

អ្នកចុះឈ្មោះជិះកង់ដំបូងចំនួន ១,០០០នាក់ នឹងទទួលបានអាវយឺតព្រឹត្តិការណ៍ចំនួន១។ អ្នកចូលរួមជិះកង់ ត្រូវត្រៀមកង់ភ្នំដោយខ្លួនឯង។

ក្នុងករណីមានបំណងជួលកង់ អាចទំនាក់ទំនងហាងកង់ អាំង គឹមសាន តាមរយៈលេខទូរសព្ទ៖ ០៧៨ ២៥៨ ៧៥៨ / ០៩២ ៩៩១ ៩០៩ / ០៩៦ ៦៦៦ ៩៩៧៥។

ក្រសួងទេសចរណ៍ សូមអញ្ជើញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងតំបន់អង្គរ៕