ភរិយារដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដឹកនាំស្ដ្រីក្នុងក្រសួងទេសចរណ៍ ទស្សនាប្រាសាទសែនភូវាំង ជំរុញទេសចរណ៍ក្នុងស្រុក និងយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង»
07-09-2026 07:51
(តាកែវ)៖ លោកស្រី សុង ធីតា ហួតហាក់ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូសាខាសមាគមនារីក្រសួងទេសចរណ៍ អញ្ជើញទស្សនកិច្ចនៅប្រាសាទសែនភូវាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ ដើម្បីចូលរួមផ្សព្វផ្សាយ និងជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង»។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងបំផុសចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការស្គាល់ពីសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិដ៏សម្បូរបែបរបស់ខេត្តតាកែវ ព្រមទាំងចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍នានារបស់កម្ពុជា។
ជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះ ក៏ជាការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យធ្វើដំណើរស្វែងយល់ពីសម្បត្តិបេតិកភណ្ឌខ្មែរ និងទស្សនាគោលដៅទេសចរណ៍នានាក្នុងរដូវកាលបៃតង ព្រមទាំងចូលរួមថែរក្សាបរិស្ថាន អនាម័យ សោភ័ណភាព និងតម្លៃបេតិកភណ្ឌនៅតាមតំបន់ទេសចរណ៍ ដើម្បីរួមគ្នាធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែស្អាត បៃតង និងទាក់ទាញ។
សកម្មភាពនេះ ក៏ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ និងរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងប្រើប្រាស់ផលិតផល និងសេវាកម្មក្នុងសហគមន៍កាន់តែច្រើន។
សកម្មភាពនេះ ស្របតាមទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»៕







