FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក លឹម តុងហួត  លើកទឹកចិត្តសិក្ខាកាមមកពីសាសនាចំនួន៥ ក្នុងខេត្តព្រះសីហនុដែលទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug យកទៅផ្សព្វផ្សាយបន្ត

06-09-2026 21:57

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់សិក្ខាកាមមកពីសាសនាចំនួន ៥ ផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងអ្នកជិតខាងជាបរិស័ទរបស់ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួតថ្លែងបែបនេះក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចែករំលែកចំណេះដឹង បទពិសោធន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា» នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលមានសិក្ខាកាមសាសនាចំនួន៥ នៅខេត្តព្រះសីហនុ សរុបចំនួន ៥០០ អង្គ/នាក់ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដែលបានសហការសម្របសម្រួលឱ្យមានការជួបជុំសិក្ខាកាមពីសាសនាធំៗមកទទួលចំណេះដឹង និងបទពិសោធន៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកបានសង្កត់ធ្ងន់ថា ការបញ្ជ្រាបខ្លឹមសារប្រឆាំងនឹងគ្រឿងញៀនទៅដល់បរិស័ទបានឆាប់រហ័ស និងស៊ីជម្រៅ គឺទាមទារឱ្យក្រុមការងារសាសនានីមួយៗត្រូវតែសកម្មក្នុងការផ្សព្វផ្សាយបន្ត។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា ចំណេះដឹងអំពីបញ្ហាគ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គឺជាទុនដ៏មានតម្លៃសម្រាប់សិក្ខាកាមទាំងអស់ យកទៅផ្សព្វផ្សាយបន្តដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងអ្នកជិតខាងជាបរិស័ទរបស់ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ ជាមួយគ្នានេះ ការប្រើប្រាស់ App NoDrug នឹងជួយបង្កើនចំណេះដឹង និងជាមធ្យោបាយរាយការណ៍ដើម្បីកម្ចាត់គ្រឿងញៀនចេញពីសហគមន៍។ កិច្ចសហការរវាងវិស័យសាសនា និងអាជ្ញាធរជាតិ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទ បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ពីបញ្ហាគ្រឿងញៀន App NoDrug និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនដល់សិក្ខាកាមគ្រប់រូបសម្រាប់យកទៅផ្សព្វផ្សាយបន្តដល់បរិស័ទរៀងៗខ្លួន៕