មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួត និងស្វែងរកដំណោះស្រាយនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
06-09-2026 21:55
(ពោធិ៍សាត់)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងពីស្ថានភាពគ្រោះរាំងស្ងួតនៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោក គីម វីរៈ បានចុះពិនិត្យផ្ទាល់លើដំណាំស្រូវដែលកំពុងរងផលប៉ះពាល់ដោយសារការខ្វះខាតទឹក ព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់ពីកង្វល់ និងបញ្ហាប្រឈមរបស់ពួកគាត់។
យោងតាមការរាយការណ៍របស់រដ្ឋបាលស្រុក ភូមិសាស្រ្តនេះទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនាពេលកន្លងមក ប៉ុន្តែតាមរយៈការអន្តរាគមន៍សង្គ្រោះ និងការស្តារឡើងវិញបានទទួលលទ្ធផលជោគជ័យ និងប្រជាកសិករអាចប្រមូលផលបាន ជាពិសេសនៅតាមតំបន់ភូមិសាស្ត្រដែលស្ថិតក្រោមការគ្របដណ្តប់ដោយប្រព័ន្ធធារាសាស្ត្រ។ ដោយឡែក តំបន់ដែលកំពុងរងផលប៉ះពាល់នៅពេលបច្ចុប្បន្ននេះ គឺជាតំបន់ដាំដុះថ្មី ដែលស្ថិតនៅក្រៅតំបន់គ្របដណ្តប់ដោយប្រព័ន្ធស្រោចស្រព ហើយការដាំដុះភាគច្រើនពឹងផ្អែកលើរបបទឹកភ្លៀងជាចម្បង។
តាមការវាយតម្លៃបឋម ផ្ទៃដីស្រូវប្រមាណជាច្រើនពាន់ហិកតា កំពុងប្រឈមនឹងការខូចខាត។ ក្នុងករណីមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ក្នុងអំឡុងខែកញ្ញានេះ ផ្ទៃដីស្រូវទាំងនេះអាចនឹងរងការខូចខាតធ្ងន់ធ្ងរ និងមិនអាចប្រមូលផលបាន។
ទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ក៏ការប្រមូលផលត្រូវបានរំពឹងថាអាចទទួលបានក្នុងកម្រិតមិនលើសពីប្រមាណ ៣០ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានេះ បើតាម លោកអភិបាលស្រុក ក៏បានរាយការណ៍ផងដែរថា ប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ ដោយសារប្រភពទឹកធម្មជាតិ និងប្រភពទឹកដែលធ្លាប់ប្រើប្រាស់បានមួយចំនួនបានរីងស្ងួត។ ក្នុងន័យនេះ រដ្ឋបាលស្រុកបានស្នើសុំឱ្យមានការពិនិត្យលទ្ធភាពក្នុងការរៀបចំ និងសាងសង់អណ្តូងទឹកជ្រៅ សម្រាប់ធ្វើជាប្រភពផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតំបន់ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
ក្នុងឱកាសនោះដែរ លោក គីម វីរៈ បានណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ឱ្យរៀបចំរបាយការណ៍លម្អិតអំពីចំនួនគ្រួសារ និងផ្ទៃដីកសិកម្មដែលរងផលប៉ះពាល់ ជាពិសេសគ្រួសារកសិករដែលមិនអាចប្រមូលផលបាន ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់នូវទីតាំង និងចំនួនគ្រួសារដែលកំពុង និងអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
សូមជម្រាបថា របាយការណ៍នេះនឹងត្រូវប្រមូលផ្តុំ និងដាក់ស្នើបន្តទៅកាន់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីស្វែងរកការគាំទ្រ និងអន្តរាគមន៍ទាន់ពេលវេលា ក្នុងគោលបំណងជួយសង្គ្រោះ និងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ជាពិសេសការធានាសន្តិសុខទឹក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់៕















