កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបន្តចុះត្រួតពិនិត្យ២ទីតាំង នៅភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ក្រែងមានសកម្មភាពប្រព្រឹត្តបទល្មើស Online Scam
06-09-2026 20:55
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្ត ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការបានបន្តចុះត្រួតពិនិត្យរដ្ឋបាលចំនួន២ទីតាំងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រែងមានសកម្មភាពលបលួចប្រព្រឹត្តបទល្មើស Online Scam នៅថ្ងៃ ទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ប្រតិបត្តិនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ទីតាំងទីមួយ គឺផ្ទះជួលពណ៌ស កម្ពស់៤ជាន់ ចំនួន១២បន្ទប់ ដែលមានទីតាំងនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់ផ្ទះ ឈ្មោះ យ៉េម ស៊ីណា។ តាមរយៈការត្រួតពិនិត្យ ក្រុមការងារបានរកឃើញជនជាតិខ្មែរចំនួន៤នាក់ (ស្រី៤នាក់) ដែលកំពុងស្នាក់នៅ និងធ្វើការនៅកាស៊ីណូស្តាហ្គោល និងកាស៊ីណូអ៊ីស្តាណ។
ចំណែកឯទីតាំងទីពីរ គឺផ្ទះជួលពណ៌ប្រផេះ កម្ពស់២ជាន់ ចំនួន៤បន្ទប់ ដែលមានទីតាំងនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ស៊ូ រុំ។ ក្នុងទីតាំងនេះ ក្រុមការងារបានរកឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់ (ប្រុស) ដែលមានឯកសារលិខិតឆ្លងដែន ទិដ្ឋាការ និងប័ណ្ណការងារគ្រប់ចំនួនត្រឹមត្រូវ សម្រាប់ស្នាក់នៅបណ្ដោះអាសន្ន៕


