FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ចិន ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ផ្លាស់ប្តូរព័ត៌មាន កសាងសមត្ថភាពធនធានមនុស្ស និងការសិក្សាស្រាវជ្រាវ

06-09-2026 19:53

(ជិន-ចិន)៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងសិនជិន ខេត្តក្វាងដុង សាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយលោកស្រី Xi Yanchun អនុប្រធានទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ការផ្លាស់ប្តូរព័ត៌មាន ការកសាងសមត្ថភាពធនធានមនុស្ស និងការសិក្សាស្រាវជ្រាវ។

ក្នុងជំនួបនេះ ភាគីកម្ពុជាបានស្នើឱ្យពិនិត្យ និងធ្វើបច្ចុប្បន្នភាពអនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និងស៊ីនហួរ ពង្រឹងកិច្ចសហការក្នុងវេទិកាតំបន់ពាក់ព័ន្ធនឹងការលើកកម្ពស់សុចរិតភាពព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើឱ្យកម្ពុជាចូលរួមក្នុងបណ្តាញ Think Tank របស់ស៊ីនហួរ។

លោកស្រី Xi Yanchun បានបង្ហាញការគាំទ្រចំពោះសំណើទាំងនេះ ជាពិសេសការចូលរួមរបស់កម្ពុជាក្នុងបណ្តាញ Think Tank និងបានស្នើឱ្យភាគីកម្ពុជាបញ្ជូនអ្នកជំនាញដែលមានសមត្ថភាព និងសក្តានុពល ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវ និងការផ្លាស់ប្តូរយោបល់។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហការរវាងស៊ីនហួរ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) រួមមាន ការផ្លាស់ប្តូរព័ត៌មាន ការផលិតកម្មវិធីរួម ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកសារព័ត៌មាន អ្នកជំនាញ និងអ្នកស្រាវជ្រាវ។

ក្នុងឱកាសនោះ ភាគីស៊ីនហួរក៏បានអញ្ជើញភាគីកម្ពុជាចូលរួមសន្និបាតសារព័ត៌មានពិភពលោក ដែលគ្រោងរៀបចំនៅទីក្រុងប៉េកាំង នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសខួប៩៥ឆ្នាំនៃការបង្កើតទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ៕