FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សំ លាងទ្រី ដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារចុះឈ្មោះបោះឆ្នោត និងរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំ នៅស្រុកឆែប

06-09-2026 19:41

(ព្រះវិហារ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសស្តីពី «ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ព្រមទាំងការរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧»។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប។

ក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងផ្តល់អនុសាសន៍ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់សមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដើម្បីធានាឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្របតាមនីតិវិធីជាធរមាន។

លោកបានជំរុញឱ្យគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារពាក់ព័ន្ធ បន្តបង្កើនការទទួលខុសត្រូវក្នុងការចុះផ្សព្វផ្សាយ ដាស់តឿន ជំរុញ និងតាមដានសកម្មភាពនៅតាមមូលដ្ឋានឱ្យបានជាប់លាប់ និងម៉ត់ចត់ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតបានយល់ដឹងច្បាស់លាស់ និងចូលរួមអនុវត្តតាមនីតិវិធីដែលបានកំណត់។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានថ្លែងណែនាំឱ្យមានការត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ សម្រាប់ការរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយត្រូវធានាឱ្យដំណើរការរៀបចំមានភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងស្របតាមគោលការណ៍ណែនាំ ព្រមទាំងនីតិវិធីជាធរមានរបស់គណបក្ស។ លោក សំ លាងទ្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការរវាងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដោយត្រូវចែករំលែកព័ត៌មាន ធ្វើបច្ចុប្បន្នភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីធានាប្រសិទ្ធភាពការងារ និងការអនុវត្តតាមផែនការដែលបានកំណត់។

កិច្ចប្រជុំនេះពិតជាវេទិកាសំខាន់មួយសម្រាប់ពង្រឹងការយល់ដឹង និងតម្រង់ទិសការងាររបស់ក្រុមការងារគណបក្សនៅមូលដ្ឋាន ឱ្យមានការត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់ដំណើរការពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ និងការរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ ប្រកបដោយជោគជ័យ៕