ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករវៀង ជួបសំណេះសំណាល់និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ២នាក់ នៅស្រុករវៀង
06-09-2026 18:56
(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករវៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងពិសាអាហារជាមួយលោកគ្រូអ្នកគ្រូនៃការិយាល័យអប់រំស្រុក អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន២នាក់ គឺយុវតី ធឿន ជូនី ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ភ្នំដែក និងយុវជន ជុំ សុភារ៉ាវង្ស រៀននៅវិទ្យាល័យរវៀង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក អ៊ុក គឹមសាន បានសម្តែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងចំពោះសិស្សទាំង២នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ ដោយទទួលបាននិទ្ទេស A ដែលជាសមិទ្ធផលដ៏គួរឱ្យមោទនភាពសម្រាប់ខ្លួនឯង ក្រុមគ្រួសារ គ្រឹះស្ថានសិក្សា និងស្រុករវៀង ទាំងមូល។
លោកបានថ្លែងលើកទឹកចិត្តដល់ប្អូនៗទាំង២ ឱ្យបន្តខិតខំសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ដោយជ្រើសរើសជំនាញដែលសមស្របទៅនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ព្រមទាំងបន្តរក្សាសីលធម៌ វិន័យ និងការខិតខំប្រឹងប្រែង ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍស្រុករវៀង ខេត្តព្រះវិហារ ក៏ដូចជាសង្គមជាតិនាពេលអនាគត។
ជាមួយគ្នានេះ លោក អ៊ុក គឹមសាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាណាព្យាបាលរបស់សិស្សទាំង២ ដែលបានយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ ថែទាំ និងជំរុញកូនៗឱ្យខិតខំរៀនសូត្រ រហូតទទួលបានសមិទ្ធផលដ៏ល្អប្រសើរនាពេលនេះ។
បន្ថែមពីនេះ លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ដែលបានខិតខំបំពេញតួនាទីក្នុងការអប់រំ ផ្តល់ចំណេះដឹង និងជំរុញសិស្សានុសិស្សឱ្យមានសមត្ថភាព រហូតអាចទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការទទួលបាននិទ្ទេស A របស់សិស្សទាំង២នាក់នេះ។
លោក អ៊ុក គឹមសាន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់សិស្សទាំង២នាក់ ក្នុងម្នាក់ៗទទួលបាន១លានរៀល និងបានថ្លែងបញ្ជាក់ផងដែរថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង លោកនឹងបន្តយកចិត្តទុកដាក់ និងជួយគាំទ្រដល់សិស្សទាំង២នាក់នេះជាបន្តទៀត ប្រសិនបើនៅពេលខាងមុខ ប្អូនៗមានតម្រូវការចាំបាច់ណាមួយដែលត្រូវការជំនួយ ឬការគាំទ្រក្នុងការសិក្សា លោកនឹងព្យាយាមជួយសម្របសម្រួល និងផ្តល់ការគាំទ្រតាមលទ្ធភាព ដើម្បីឱ្យប្អូនៗអាចបន្តការសិក្សាបានដោយរលូន និងសម្រេចបានគោលដៅរបស់ខ្លួន។
សូមបញ្ជាក់ថា៖សម្រាប់លទ្ធផលប្រឡងយកសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២៦ នៅខេត្តព្រះវិហារ សិស្សដែលប្រឡងជាប់មានរហូត៨៨% និងប្រឡងជាប់និទ្ទេសA ចំនួន៤នាក់ផងដែរ៕








