FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ជំរុញឲ្យអាណាព្យាបាលសិស្ស ត្រូវយកចិត្តទុកដាក់បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យសិក្សាឲ្យបានគ្រប់ៗគ្នា

06-09-2026 18:41

(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានជំរុញនិងលើកទឹកចិត្តដល់អាណាព្យាបាលសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ជូនកូនចៅឲ្យចូលរៀននៅថ្នាក់មត្តេយ្យសិក្សាឲ្យបានគ្រប់ៗគ្នា ដែលជាថ្នាលបណ្ដុះបណ្ដាលដំបូង សម្រាប់ឲ្យកុមារចេះស្រឡាញ់ការសិក្សាពីតូចៗទៅ។

អ្នកឧកញ៉ា សៀង ណាំ ថ្លែងដូច្នេះនៅនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារថ្មីនៃសាលាមត្តេយ្យសិក្សាសហគមន៍ ភូមិគោកថ្មីសន្តិភាព ដែលស្ថិតនៅភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនផងដែរ។

អ្នកឧកញ៉ា បានបន្តថា ការបង្កើតសាលាមត្តេយ្យសិក្សាសហគមន៍ គឺជួយឱ្យកុមារនៅតំបន់ជនបទដាច់ស្រយាល អាចទទួលបានសេវាអប់រំកុមារតូចដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ហើយមត្តេយ្យសិក្សានៅតាមសហគមន៍គឺមានអត្ថប្រយោជន៍ ខ្លាំងណាស់ក្នុងការជួយអភិវឌ្ឍកុមារតូចនៅតាមមូលដ្ឋាន មុនពេលពួកគេឈានចូលទំព័រការសិក្សាបឋមសិក្សា រួមទាំងបណ្តុះស្មារតី គំនិត និងចំណេះដឹងដំបូងរបស់កុមារឱ្យបានល្អប្រសើរ។

អ្នកឧកញ៉ា បន្តថា សាលាមត្តេយ្យសិក្សាសហគមន៍ ដែលដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ នឹងក្លាយជាទីកន្លែងផ្ដល់នូវចំណេះដឹងល្អៗ ដល់កុមារក្នុងតំបន់នេះ និងបានចូលរៀនទទួលយកការអប់រំដ៏ល្អពី លោកគ្រូអ្នកគ្រូបានគ្រប់ៗគ្នា ដើម្បីឲ្យក្លាយជាមូលដ្ឋានក្នុងការត្រៀមលក្ខណៈ និងបង្កើតទំលាប់នៃ ការសិក្សារបស់កុមារ។

អ្នកឧកញ៉ា សៀង ណាំ បញ្ជាក់ថា អាណាព្យាបាលចាំបាច់ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ ដើម្បីធានាថាកូនៗគ្រប់រូបនៅក្នុងសហគមន៍ ទទួលបានឱកាសរៀនសូត្ររហូតដល់ថ្នាក់កម្រិតខ្ពស់ និងជំរុញឲ្យកូនៗមករៀនឱ្យបានទៀងទាត់ និងចៀសវាងការបោះបង់ការសិក្សាមុនអាយុ ព្រោះកុមារថ្ងៃនេះ គឺជាទំពាំងស្នងឫស្សី និងជាអនាគតដ៏ភ្លឺស្វាងនៃសង្គមជាតិយើងនៅថ្ងៃស្អែក។

លោក សុខ ណារ៉េត បានឱ្យដឹងថា សាលាមត្តេយ្យសិក្សាសហគមន៍ភូមិគោកថ្មី សន្តិភាព ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយផ្អែកលើសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅភូមិគោកថ្មី និងភូមិរើល។ កន្លងមកសាលាមត្តេយ្យរដ្ឋដែលមានស្រាប់មានទីតាំងនៅឆ្ងាយ ដែលធ្វើឱ្យគ្រួសារមួយចំនួនជួបការលំបាកក្នុងការបញ្ជូនកូនចៅទៅរៀន។ ដោយហេតុនេះ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរឃុំឱ្យជួយសម្របសម្រួលបង្កើតសាលាមត្តេយ្យសហគមន៍នៅក្នុងមូលដ្ឋាន ដើម្បីឱ្យកុមារអាចទទួលបានការអប់រំនៅជិតផ្ទះ។

លោកបញ្ជាក់ថា ដោយសារសាលាមត្តេយ្យសហគមន៍បានដំណើរការបង្រៀនជាបន្តបន្ទាប់ មានកុមារចូលរៀនកាន់តែច្រើន ហើយទីតាំងបង្រៀនកន្លងមកជាទីតាំងបណ្តោះអាសន្នមិនសមស្របសម្រាប់ការបង្រៀនរយៈពេលវែង ទើបប្រជាពលរដ្ឋ និងអាជ្ញាធរឃុំបានស្នើសុំរៀបចំទីតាំងសាងសង់អគារសាលាមត្តេយ្យសហគមន៍អចិន្ត្រៃយ៍។ ជាការឆ្លើយតប សប្បុរសជនក្នុងភូមិគោកថ្មី គឺលោក ហួក កេត និងអ្នកស្រី សាន់ យ៉ាង បានបរិច្ចាគដី ១កន្លែង ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ (ស្មើនឹង ៦០០ម៉ែត្រការ៉េ) ជូនឃុំសម្រាប់ប្រើប្រាស់ជាទីតាំងសាលាមត្តេយ្យសហគមន៍ស្តង់ដារ។

ចំពោះការរៀបចំ និងសាងសង់សាលាមត្តេយ្យសិក្សាសហគមន៍នេះ ទទួលបានការឧបត្ថម្ភ និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ ព្រមទាំងការគាំទ្រពេញលេញពី លោក ឃុត វុត្យារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ និងប្រធានក្រុមការងារចុះជួយឃុំក្រូចគរ រួមជាមួយក្រុមការងារ។

គម្រោងនេះ បានសាងសង់អគារសាលារៀន ១ខ្នង មាន ១បន្ទប់, បង្គន់អនាម័យ ១ខ្នង មាន ២បន្ទប់, ក្លោងទ្វារសាលា, របងព័ទ្ធជុំវិញ, ការបុកអណ្តូងទឹក, ការតភ្ជាប់បណ្តាញអគ្គិសនី, ការបំពាក់តុកៅអីសិស្ស ព្រមទាំងការធ្វើផ្លូវបេតុងក្នុងសាលា និងចាក់ថ្មក្រួសផ្លូវមុខសាលា ដោយចំណាយថវិកាសរុបចំនួន ១៤,៤៨០ ដុល្លារ។

ជាមួយនេះដែរ លោក សុខ ណារ៉េត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃុត វុត្យារិទ្ធ និងក្រុមការងារចុះជួយឃុំក្រូចគរ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសាលាមត្តេយ្យសិក្សាសហគមន៍នេះ ដើម្បីជាកន្លែលផ្ដល់ការសិក្សាជាមូលដ្ឋានដំបូងរបស់កុមារតូចៗនៅក្នុងមូលដ្ឋាន៕