ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ស្រុកកោះសូទិន ផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ៤គ្រឿង ដល់សិស្សដែលជាប់និទ្ទេស A
06-09-2026 16:09
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហែម សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន តំណាងលោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានចុះជួបសំណេះសំណាល ជាមួយសិស្សានុសិស្សនៃវិទ្យាល័យកោះសូទិន ដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តបតាមការសន្យា លោក ហែម សុវត្ថិ បានប្រគល់ម៉ូតូជូនដល់បេក្ខជនដែលជាប់និទ្ទេស A ចំនួន៤គ្រឿង និងបានឧបត្ថម្ភថវិកាមួយចំនួនដល់បេក្ខជនទាំង៨១នាក់ នៃវិទ្យាល័យកោះសូទិន សម័យប្រលង ១០ សីហា ២០២៦។
នៅក្នុងឱកាសនោះ លោក ហែម សុជាតិ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការជ្រើសរើសមុខជំនាញផ្សេងៗ ដើម្បីបន្តការសិក្សា ព្រមទាំងបានណែនាំឲ្យប្អូនៗ ខិតខំរៀនបន្ត ខំថែសុខភាព ដើម្បីក្លាយជាមូលធនមនុស្សក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕





























