សមាគមយុវជនតេជោសប្បុរស នាំអំណោយជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរមុខ នៅស្រុកសន្ទុក
06-09-2026 15:39
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ សមាគមយុវជនតេជោសប្បុរស បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅភូមិតាញ៉ុក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីចែកអំណោយខាងលើនេះ ដឹកនាំដោយលោក យ៉ន ទាយាទ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន រួមជាមួយសហការី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដោយមានការចូលរួមពីលោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធាន អ.ន.ក ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការស្រុក និងអាជ្ញាធរមូលដ្ឋាន។
លោក យ៉ន ទាយាទ បានជម្រាបគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរមុខ ពីការគិតគូរ និងយកចិត្តទុកដាក់ ក៏ដូចជាការនឹករលឹកជាប់ជាប្រចាំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះគ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរមុខ។ ផ្តើមពីការគិតគូរនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនាំដល់ក្រុមការងារផ្នែកសប្បុរសធម៌ ក៏ដូចជាមន្ត្រីរាជការនៅមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ និងដោះស្រាយរាល់ការលំបាករបស់គ្រួសារអតីតយុទ្ធជន និវត្តន៍ជន និងគ្រួសារកងទ័ពជួរមុខ។
អំណោយរួមមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ថ្នាំពេទ្យ និងថវិកាមួយចំនួន។ ប្រជាពលរដ្ឋដែលទទួលបានអំណោយខាងលើនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល បានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពជូនពរសម្តេចទាំងទ្វេទទួលបានសុខភាពល្អបរិបូណ៌៕














