FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាអនុគណស្រុកសូទ្រនិគម និងរដ្ឋបាលស្រុក នាំយកស្បៀងអាហារ និងថវិកា ជូនវីរកងទ័ពការពារព្រំដែន ចំនួន៣១ទីតាំង នៅខេត្តឧត្តរមានជ័យ

06-09-2026 15:16

‎(សៀមរាប)៖ សាលាអនុគណស្រុកសូទ្រនិគម រួមជាមួយមន្ត្រីសង្ឃស្រុក និងរដ្ឋបាលស្រុក នៅថ្ងៃចុងសប្តាហ៍នេះ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ចំនួន៣១ទីតាំង ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មជូនជាតិមាតុភូមិ។

ព្រះតេជគុណ ពៅ ធេង ព្រះគ្រូអនុគណស្រុកសូទ្រនិគម មានសង្ឃដីកាថា ព្រះសង្ឃ មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់វីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ ព្រោះកងទ័ព គឺជាកម្លាំងស្នូលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនប្រទេសជាតិ។

‎ព្រះអង្គមានសង្ឃដីកាបន្តថា អំណោយដែលនាំយកមកប្រគល់ជូននាពេលនេះ ជាទឹកចិត្តសទ្ធាជ្រះថ្លា និងជាកម្លាំងចិត្តដ៏មានតម្លៃ សម្រាប់ជំរុញឱ្យកងទ័ពបន្តបំពេញភារកិច្ចការពារជាតិប្រកបដោយភាពរឹងមាំ។

‎ព្រះតេជគុណ លន់ សំប៊ី ព្រះសមុហ៍អនុគណស្រុកសូទ្រនិគម ដែលជាអ្នករៀបចំ មានសង្ឃដីកាថា សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងព្រះសង្ឃ និងអាជ្ញាធរ រួមនឹងប្រជាពលរដ្ឋ ក្នុងការចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ។

ព្រះអង្គក៏បានប្រសិទ្ធពរជ័យ សូមឱ្យវីរកងទ័ពទាំងអស់ ជួបតែសេចក្តីសុខ សុវត្ថិភាព មានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងបេសកកម្មការពារទឹកដី និងប្រជាជនកម្ពុជា។

‎ព្រះអង្គបញ្ជាក់ថា សម្ភារដែលបាននាំយកមក រួមមាន៖ ទឹកបរិសុទ្ធ ៥ ៦០០យួរ ទឹកត្រី និងទឹកស៊ីអ៊ីវ ១១០យួរ មីជាតិ ១១២កេស ប្រហុកគ្រឿង ៣០គីឡូក្រាម ដំណាប់ពុទ្រា ១២៥កញ្ចប់ អំបិល ៣០គីឡូក្រាម ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ជាមួយគ្នានោះ ថវិកាចំនួន ១៥លានរៀល ត្រូវបានប្រគល់ជូនវីរកងទ័ពចំនួន ៥៥៧នាក់ ដើម្បីជាការលើកទឹកចិត្តក្នុងការបំពេញភារកិច្ចផងដែរ៕