ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់

06-09-2026 15:03

(ភ្នំពេញ)៖ យុវជន ស្រា ទ្រី ជាវីរៈកងទ័ពខ្មែរមានវ័យ២៤ឆ្នាំ ឈរជើងការពារទឹកដីកម្ពុជានៅទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ មានបទឈប់បាញ់រវាងគ្នានា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២៥ ស្រា ទ្រី រំពឹងថា បានទៅជួបសាច់​ញាតិ​ទៅហើយ ព្រោះការបាញ់ប្រហារគ្នានៅតាម​ព្រំដែន​លែង​កើតមាន។

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្រា ទ្រី បានទូរស័ព្ទទៅម្តាយ ដើម្បីប្រាប់ថា ដោយសារសង្គ្រាម​បាន​បញ្ចប់ គេនឹងទទួលបានការអនុញ្ញាតឱ្យសម្រាកដើម្បីត្រឡប់ទៅផ្ទះវិញ។

តែអ្វីដែល ស្រា ទ្រី បានរំពឹងប្រែក្លាយជាអសាបង់ ហើយកាន់តែអកុសលថែមទៀតនោះ តែប៉ុន្មាននាទី​ក្រោយ​ពី​បាន​ទូរស័ព្ទទៅម្តាយនាព្រឹកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២៥នោះ គេក៏ត្រូវរងគ្រាប់កាំភ្លើងចំក្បាលពេញទំហឹង ដោយសារការ​លប​បាញ់របស់ទាហានថៃ បំពានលើបទឈប់បាញ់។

វីរៈកងទ័ពវ័យក្មេងរូបនេះ ត្រូវបានគេបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ហើយបញ្ជូនមក​សង្គ្រោះ​បន្ត​នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ក្រោយ​ពីបាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយូរ ស្រា ទ្រី ត្រូវបានបញ្ជូន​ត្រឡប់​មកឱ្យគ្រួសារមើលថែវិញ។

ស្រា ទ្រី បានបាត់បង់ផ្នែកខ្លះនៃខួរក្បាលរបស់គេ។ ទោះបីជីវិតត្រូវបានសង្គ្រោះ តែ ស្រា ទ្រី បានប្រែក្លាយពីយុវជន​មួយរូបដែលមានកាយសម្បទាមាំមួន មកពិការភាព ហើយផ្នែកពិការមើលលែងឃើញ។ គេបានក្លាយជាបន្ទុក​សម្រាប់​គ្រួសារ ដែលមានជីវភាពខ្វះខាត។

លោក Jean-Luc Moreau Deleris អ្នក​កាសែត​ និង​អ្នក​ថតរូប​របស់​ទស្សនាវដ្ដីបារាំង Le Figaro ដែលបានចំណាយពេលច្រើនខែផ្តិតយករូបភាពនៃផលប៉ះពាល់តាមបន្ទាត់ព្រំដែនរបស់កម្ពុជា ដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ និងបានផ្តិតយករូបភាពរបស់ ស្រា ទ្រី ដែរនោះ បានចាត់ទុកទង្វើរបស់ទាហានថៃ អាច​មាន​កម្រិត​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោក Jean-Luc Moreau Deleris បានបញ្ជាក់​ថា៖ «ក្រោយពីបានសិក្សាលើសំណុំរឿងរបស់គេ វាច្បាស់ណាស់​ថា គេគឺជាជនរងគ្រោះនៃអ្វីដែលគេហៅថា ឧក្រិដ្ឋកម្មសង្គ្រាម។ គេត្រូវបានអ្នកលបបាញ់ ឬ Sniper របស់ថៃ បាញ់ប្រហារក្នុងរយៈពេល ២ថ្ងៃ បន្ទាប់ពីបទឈប់បាញ់ចូល​ជា​ធរមាន»

លោក Jean-Luc Moreau Deleris អ្នក​កាសែត​ និង​អ្នក​ថតរូប​របស់​ទស្សនាវដ្ដីបារាំង Le Figaro ពេលចុះបំពេញការងារនៅកម្ពុជា