អភិបាលខេត្តឧត្តរមានជ័យ ដោះស្រាយបញ្ចប់ករណីមន្រ្តីបរិស្ថានយកលុយពីពលរដ្ឋ៥០ម៉ឺនរឿងដឹកអុស ដោយបញ្ជាឲ្យយកលុយប្រគល់ជូនវិញ, ប្រធានទីស្នាក់ការបរិស្ថាន ត្រូវផ្ទេរមកបម្រេីការងារនៅមន្ទីរវិញ
06-09-2026 14:58
(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាឲ្យប្រធានទីស្នាក់ការបរិស្ថាន ដែលដាក់គោលដៅនៅតំបន់ព្រៃសហគមន៍សង្ឃរុក្ខាវ័ន យកលុយចំនួន៥០ម៉ឺនរៀល ជូនពលរដ្ឋវិញ ក្រោយផ្ទុះការចែកចាយនៅតាមបណ្តាញសង្គម។
ប្រជាពលរដ្ឋចំនួន២គោយន្ត បានចូលទៅកាប់ឈេីងាប់ៗ យកមកធ្វេីអុស ក្នុងតំបន់ព្រៃសហគមន៍ហាមឃាត់ ហេីយពេលពលរដ្ឋដឹកអុសចេញមកវិញ ស្រាប់តែត្រូវបានក្រុមមន្រ្តីបរិស្ថានទារឲ្យបង់លុយ១លានរៀល ដោយមួយគោយន្ត៥០ម៉ឺនរៀល តែពលរដ្ឋដោយសារអត់លុយ ក៏សុំបង់ត្រឹមមួយគោយន្ត២៥ម៉ឺនរៀល ទេីបបានចេញមកផ្ទះ។
ក្រោយករណីនេះ ត្រូវបានចែកចាយតាមបណ្តាញសង្គម អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាឲ្យធ្វេីការស្រាវជ្រាវ ហេីយរកឃេីញការពិតបែបនេះមែន និងបានបញ្ជាឲ្យមន្រ្តីយកលុយជូនពលរដ្ឋវិញ។
ដោយឡែកប្រធានទីស្នាក់ការបរិស្ថានប្រចាំនៅទីស្នាក់ការសហគមន៍ព្រៃឈេីសង្ឃរុក្ខាវ័ន ត្រូវបានដកឲ្យមកបម្រេីការងារនៅមន្ទីរបរិស្ថានវិញ។
មន្រ្តីសាលាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដោយសារកន្លងទៅមានសកម្មភាពលួចចូលទៅកាប់ឈេីនៅតំបន់ព្រៃសហគមន៍ខាងលេី ស្ថិតនៅស្រុកចុងកាល់ ទេីបនាំឲ្យមានការបង្កេីតទីស្នាក់ការបរិស្ថាននៅទីនោះ ដេីម្បីចូលរួមទប់ស្កាត់ការកាប់ឈេីខុសច្បាប់។
ប្រជាពលរដ្ឋ បានថ្លែងអំណរគុណលោកអភិបាលខេត្ត ដែលបានជួយរកយុត្តិធម៌ និងដោះស្រាយបញ្ចប់បញ្ហាជូនពួកគាត់វិញ។



