FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ត្រូវបានចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះរាំងស្ងួត ចំនួន១,១០០គ្រួសារ នៅស្រុកតាលោសែនជ័យ

06-09-2026 13:22

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តសំសាន្ត លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត ចំនួន១,១០០គ្រួសារ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ។

លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានសម្តែងនូវគារវកិច្ច និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោក ខូយ រីដា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងឆ្លើយតបបានទាន់ពេលវេលា ចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនគិតពីការនឿយហត់ ឬការលំបាកអ្វីឡើយ។

នៅក្នុងរបាយការណ៍ស្វាគមន៍ លោកបានជម្រាបជូនថា ស្រុកតាលោសែនជ័យ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ មាន២ឃុំ និង៣៥ភូមិ ដែលមានផ្ទៃដីសរុប៤៣៩.៦គីឡូម៉ែត្រការ៉េ ប្រជាជនសរុប១១,០៨៧គ្រួសារ (ស្មើនឹង៤៧,៤៨៥នាក់) ដោយភាគច្រើន ៧៩% ជាកសិករ។

ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត រដ្ឋបាលស្រុកបានខិតខំថែរក្សាសន្តិសុខ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ព្រមទាំងជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្តារប្រឡាយ ជីកស្រះទឹកសហគមន៍ ដំឡើងអំពូលសូឡា និងរៀបចំប្រព័ន្ធលូរំដោះទឹក ព្រមទាំងការងារគ្រប់គ្រងសំរាម ដើម្បីប្រែក្លាយខេត្តពោធិ៍សាត់ជា «ខេត្តស្អាត គ្មានសំរាមពាសវាលពាសកាល»

លោកអភិបាលស្រុក បានគូសបញ្ជាក់ថា នៅក្នុងរដូវវស្សាឆ្នាំ២០២៦នេះ ស្រុកអនុវត្តការដាំដុះស្រូវបាន ២៥,៦៤០ហិកតា (ស្មើនឹង១០០% នៃផែនការ)។ ប៉ុន្តែដោយសារកូនរដូវប្រាំងនាអំឡុងខែកក្កដាកន្លងមក បានអូសបន្លាយពេលយូរ បណ្តាលឱ្យស្រូវវស្សារបស់ប្រជាកសិកររងផលប៉ះពាល់ ចំនួន១១,៩៤៩ហិកតា (ស្មើនឹង៤,៣៩៨គ្រួសារ) និងខូចខាតទាំងស្រុង ចំនួន៦,៧៦៣ហិកតា (ស្មើនឹង១,៧២៦គ្រួសារ)។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹកលឹកយ៉ាងជ្រាលជ្រៅបំផុត អំពីសំណាក់ថ្នាក់ដឹកនាំជាតិ ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹង ឬមិនបានជួយជ្រោមជ្រែងនោះឡើយ។

លោកអភិបាលខេត្ត បានចូលរួមរំលែកការលំបាក និងការសោកស្តាយជាពន់ពេកជាមួយបងប្អូនប្រជាកសិករទាំងអស់ ដែលបានខិតខំប្រឹងប្រែងដាំដុះ ប៉ុន្តែត្រូវរងផលប៉ះពាល់ និងខូចខាតទិន្នផលស្រូវ ដោយសារកូនរដូវប្រាំង និងគ្រោះរាំងស្ងួត ដែលកើតឡើងពីបម្រែបម្រួលអាកាសធាតុសកល។

ទន្ទឹមនឹងការចែកជូនអំណោយដើម្បីសម្រាលទុក្ខលំបាកចំពោះមុខ លោកបានផ្តាំផ្ញើឱ្យ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យរស់នៅ លាងដៃនឹងសាប៊ូ ហូបស្អាត ផឹកស្អាត និងពិសារទឹកឆ្អិន ឬទឹកស្អាត ដើម្បីជៀសវាងការកើតជំងឺដង្កាត់ផ្សេងៗ ជាពិសេសជំងឺរាគរូស ឬជំងឺឆ្លងផ្សេងៗ។ ដោយមើលឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ លោកបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ និងប្រជាកសិករទាំងអស់ ត្រូវរួមគ្នារៀបចំផែនការអភិរក្ស និងរក្សាប្រភពទឹកដែលមានស្រាប់ ដូចជាការស្តារស្រះ ត្រពាំង ប្រឡាយ និងការសន្សំសំចៃទឹកទុក សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវ ឬដំណាំរួមផ្សំនានា នាអំឡុងរដូវប្រាំងខាងមុខ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ខូយ រីដា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការរៀបចំអនាម័យបរិស្ថានជុំវិញផ្ទះ និងក្នុងសហគមន៍ ដោយត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសកាល និងលើកទឹកចិត្តឱ្យគ្រប់គ្រួសារ រួមគ្នាដាំដើមផ្កាម៉ាឡៃ ឬផ្កាសិរិមង្គល នៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីបង្កើតបានជាសោភណភាពស្អាត បង្កើនបៃតងលម្អសហគមន៍ និងរួមចំណែកសម្រេចឱ្យបាននូវទស្សនវិស័យ «ខេត្តពោធិ៍សាត់ ជាខេត្តស្អាត គ្មានសំរាមពាសវាលពាសកាល»។

ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនាពេលនេះ អំណោយមនុស្សធម៌ដែលត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន១,១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ។ ដោយឡែកយោធិនពិការ ១១នាក់ ទទួលបានសម្ភារដូចប្រជាពលរដ្ឋ ព្រមទាំងទទួលបានថវិកាឧបត្ថម្ភបន្ថែម ២០ម៉ឺនរៀល ក្នុងម្នាក់ៗ។ ជាមួយគ្នានោះ ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃ លោក ខូយ រីដា បានប្រគេនអង្ករ ១០០គីឡូក្រាម, មី៣កេស, ត្រីខ៦យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ និងបច្ច័យ ៥០ម៉ឺនរៀលផងដែរ៕