FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកអណ្តូងមាស ខេត្តរតនគិរី បានធូរស្រាល និងមិនបង្កការខូចខាតធ្ងន់ធ្ងរឡើយ

06-09-2026 13:16

(រតនគិរី)៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំចំនួន៣ នៃស្រុកអណ្តូងមាស ខេត្តរតនគិរី បានធូរស្រាលជាបណ្តើរៗ និងត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់កាលពីពេលកន្លងមក បានបណ្តាលឱ្យឃុំចំនួន៣ ក្នុងស្រុកអណ្តូងមាស រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែទឹកបានចាប់ផ្តើមស្រកចុះវិញបណ្តើរៗតាំងពីព្រឹកថ្ងៃទី៤ ខែកញ្ញា ហើយបច្ចុប្បន្នបានវិលត្រឡប់មកសភាពដើមវិញ។

លោកបានគូសបញ្ជាក់ថា ករណីជំនន់ទឹកភ្លៀងនេះ មិនមានការខូចខាតធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ។ តែយ៉ាងណា បញ្ហានេះផ្តល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន ក្នុងនោះ ផ្ទះប្រជាពលរដ្ឋចំនួន១៩ខ្នង ដែលធ្លាប់លិចលង់ជាបណ្តោះអាសន្ន ឥឡូវនេះទឹកបានស្រកផុតអស់ហើយ ហើយប្រជាពលរដ្ឋចំនួន២៤គ្រួសារ អាចចូលរស់នៅ និងប្រកបអាជីវកម្មប្រចាំថ្ងៃបានជាធម្មតាវិញ ដោយពុំមានផ្ទះណាមួយរងការខូចខាត ឬបាក់រលំធ្ងន់ធ្ងរឡើយ។ចំណែក ហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពានទាំង១១កន្លែង និងខ្សែផ្លូវទាំង១០កន្លែង (ប្រវែង៣៥០ម៉ែត្រ) ដែលធ្លាប់ត្រូវទឹកជន់លិច ក៏បានស្រកផុតពីលិចក្បាលស្ពាន និងទ្រូងផ្លូវទាំងស្រុងអស់វិញដែរ។ ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋទូទៅ អាចប្រព្រឹត្តទៅបានជាធម្មតាឡើងវិញ។

លើសពីនេះ វិស័យកសិកម្ម រួមមានផ្ទៃដីដំណាំសរុបប្រមាណ១០០.៣០ហិកតា (ស្រូវ៧៥ហិកតា ដំឡូងមី១១ហិកតា កៅស៊ូ និងដំណាំចម្រុះ) គ្រាន់តែជួបប្រទះការលិចលង់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ដោយសារទឹកស្រកវិញលឿន ដំណាំទាំងនោះមិនរលួយ ឬខូចខាតធ្ងន់ធ្ងរឡើយ ហើយអាចស្តារ និងប្រមូលផលបានជាធម្មតា។

ចំពោះសត្វចិញ្ចឹមចំនួន៣០ក្បាល ក៏គ្រាន់តែប៉ះពាល់ និងជម្លៀសបណ្តោះអាសន្ន ដោយពុំមានការខាតបង់ ឬពុលងាប់ក្នុងទំហំធំដុំនោះទេ។ កម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមូលដ្ឋាន បានដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍បាន១០០% មិនបណ្តាលឱ្យប្រជាពលរដ្ឋជួបគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិជាយថាហេតុនោះឡើយ៕