វីរកងទ័ពជួរមុខម្នាក់ទៀត​ ទិញទូរស័ព្ទតាមអនឡាញ បាញ់លុយរួច ត្រូវអ្នកលក់ប្លុកទំនាក់ទំនងបាត់ (Video inside)

06-09-2026 13:01

(ភ្នំពេញ)៖ ករណីឆបោកតាមប្រព័ន្ធអនឡាញមួយករណីទៀត ត្រូវបានរាយការណ៍មកថា​ ជនរងគ្រោះជាវីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ បានទិញទូរស័ព្ទដៃតាមអនឡាញ ប៉ុន្តែក្រោយពីបានផ្ទេរប្រាក់ទៅឱ្យអ្នកលក់រួច ស្រាប់តែត្រូវបានប្លុកការទំនាក់ទំនង និងមិនអាចទាក់ទងអ្នកលក់បានទៀត។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា ដំបូងឡើយរូបគាត់បានឃើញការផ្សព្វផ្សាយលក់ទូរស័ព្ទដៃតាមបណ្ដាញសង្គម ហើយបានទាក់ទងទៅកាន់អ្នកលក់ ដើម្បីសួរព័ត៌មាន និងព្រមព្រៀងទិញ។

បន្ទាប់ពីអ្នកលក់ផ្ដល់ព័ត៌មានសម្រាប់ផ្ទេរប្រាក់ ជនរងគ្រោះក៏បានបាញ់លុយតាមការណែនាំ ប៉ុន្តែអ្វីដែលធ្វើឱ្យជនរងគ្រោះខកចិត្ត និងសង្ស័យថាត្រូវបានឆបោក គឺក្រោយពេលទទួលបានប្រាក់ អ្នកលក់បានប្លុកការទំនាក់ទំនងរបស់គាត់ ហើយបាត់ដំណឹង មិនបានផ្ញើទូរស័ព្ទដៃតាមការសន្យាឡើយ។

ជនរងគ្រោះបានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ដើម្បីស្វែងរកអ្នកប្រព្រឹត្ត និងទប់ស្កាត់ករណីឆបោកតាមអនឡាញ ដែលកំពុងកើតមានជាបន្តបន្ទាប់។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ មុននឹងផ្ទេរប្រាក់ទិញទំនិញតាមអនឡាញ គួរតែពិនិត្យប្រភពអ្នកលក់ អត្តសញ្ញាណ ទីតាំង និងប្រវត្តិការលក់ឱ្យបានច្បាស់លាស់ ជៀសវាងធ្លាក់ខ្លួនជាជនរងគ្រោះដូចករណីខាងលើ៕