សមាគមអតីតនិស្សិត SWUPL កម្ពុជា-ចិន រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ កំណត់ទិសដៅការងាររយៈពេលវែង
06-09-2026 12:11
(ភ្នំពេញ)៖ សមាគមអតីតនិស្សិត SWUPL កម្ពុជា-ចិន (CCSA) នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាភិបាលសមាគម ដើម្បីពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងសម្រេចលើរបៀបវារៈសំខាន់ៗ ដើម្បីកំណត់ទិសដៅការងារ និងការអភិវឌ្ឍសមាគមនាពេលខាងមុខ។
កិច្ចប្រជុំនេះ បានរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយបានពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន ទី១. ផែនការសកម្មភាពរបស់សមាគមសម្រាប់ឆ្នាំ២០២៧–២០៣២, ទី២. ការត្រៀមរៀបចំសន្និបាតរបស់សមាគម និងទី៣. របៀបវារៈសំខាន់ៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការពង្រឹងរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅរបស់សមាគមប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ជិន ម៉ាលីន ប្រធានក្រុមប្រឹក្សាភិបាលសមាគម លោកបណ្ឌិត អេន សុភាព និងលោកបណ្ឌិត បួន សុមុនី អនុប្រធានសមាគម លោកបណ្ឌិត ធិន វុត្ថា អគ្គលេខាធិការសមាគម ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមជាច្រើនរូបទៀត។
កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាភិបាលនេះ គឺជាជំហានដ៏សំខាន់ក្នុងការដាក់ចេញនូវមូលដ្ឋានគ្រឹះ ទិសដៅ និងអាទិភាពការងាររយៈពេលវែង សំដៅធានាឱ្យសមាគមអាចបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ តាមរយៈកិច្ចប្រជុំនេះ សមាគមក៏បានប្តេជ្ញាពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងអតីតនិស្សិត ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ការអប់រំ និងការស្រាវជ្រាវរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនាពេលអនាគត។




























