យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ (Video inside)
06-09-2026 09:44
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវដល់វិនិយោគិនបរទេសទាំងអស់ ដែលមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា សូមឱ្យទាក់ទងដោយផ្ទាល់មកកាន់ CDC ជាជាងតាមរយៈឈ្មួញកណ្តាល ឬអ្នករត់ការ។
ការជំរុញនេះ គឺដើម្បីធានានូវតម្លាភាព ប្រសិទ្ធភាព និងការពារផលប្រយោជន៍របស់វិនិយោគិន ខណៈកន្លងមកលោកសង្កេតវិនិយោគបរទេសមួយចំនួនរងការខាតបង់ ឬបាត់ផលប្រយោជន៍ដោយសារតែអ្នករត់ការដែលមានបំណងកេងចំណេញ។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វិនិយោគិនអាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ CDC IPM របស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីឱ្យ CDC ពិនិត្យលើការស្នើសុំដាក់ទុនវិនិយោគ។ CDC មានបំណងចង់ធ្វើការដោយផ្ទាល់ជាមួយវិនិយោគិន ដើម្បីជៀសវាងការខូចឈ្មោះ ឬការយល់ច្រឡំដែលអាចកើតឡើងតាមរយៈអ្នករត់ការ។
លោកបានបញ្ជាក់ថា ច្បាប់វិនិយោគរបស់កម្ពុជាមិនតម្រូវឱ្យវិនិយោគិនបរទេសមានដៃគូក្នុងស្រុកនោះទេ ដោយអនុញ្ញាតឱ្យមានការកាន់កាប់ភាគហ៊ុន ១០០% ពេញលេញ។ ក្រុមហ៊ុនបរទេសក៏អាចទិញដី និងដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនបានផងដែរ ដោយមិនចាំបាច់ពឹងផ្អែកលើបុគ្គលដែលមានអត្តសញ្ញាណខ្មែរឡើយ។
លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងផងដែរ ពីហានិភ័យមួយចំនួន ដែលឈ្មួញរត់ការ អាចជាជនជាតិខ្មែរ ឬជនបរទេសមានសញ្ញាតិខ្មែរ ឈរឈ្មោះទិញដី អាចបណ្តាលឱ្យបាត់បង់ដីនោះ។ ដូច្នេះ លោកបានអំពាវនាវឱ្យវិនិយោគិនមានការប្រុងប្រយ័ត្នខ្ពស់ និងមកជួបក្រុមការងារ CDC ដោយផ្ទាល់ ដែលត្រៀមខ្លួនជាស្រេចក្នុងការទទួល និងផ្តល់ព័ត៌មានគ្រប់បែបយ៉ាងជូនដល់ផ្នែកឯកជន។
ការធ្វើបែបនេះនឹងជួយឱ្យវិនិយោគិនទទួលបានព័ត៌មានត្រឹមត្រូវ និងការគាំទ្រពេញលេញពីស្ថាប័នរដ្ឋាភិបាល ដើម្បីធានាបាននូវដំណើរការវិនិយោគប្រកបដោយជោគជ័យ និងសុវត្ថិភាពនៅកម្ពុជា៕
