មន្ត្រីក្រសួងសាធារណការ និង សមាគម LOSCBA ចូលរួមកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំលើកទី២០ របស់សហព័ន្ធប្រព័ន្ធផាឡែតអាស៉ី នៅទីក្រុងសេអ៊ូល
06-09-2026 09:27
(សេអ៊ូល)៖ តបតាមការអញ្ជើញរបស់ សហព័ន្ធប្រព័ន្ធផាឡែតអាស៊ី (APSF) និង សមាគមផាឡែតកុងតែន័រកូរ៉េ តាមរយៈអគ្គនាយកដ្ឋានភស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូន, សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា (LOSCBA) បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចផ្លូវការ និងពិធីសន្និបាតប្រចាំឆ្នាំលើកទី២០ របស់សហព័ន្ធផាឡែតអាស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៣ និងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។
សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា (LOSCBA) ដឹកនាំដោយ លោកជា ចាន់ដារ៉ា ប្រធានសមាគម តំណាងវិស័យឯកជន និងលោកស្រី សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រៀនសូត្រពីបទពិសោធន៍ និងស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗពាក់ព័ន្ធនឹងប្រព័ន្ធភស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងស្តង់ដារនៃការប្រើប្រាស់ផាឡែត (Pallet) ដែលពិភពលោកកំពុងប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន ការរក្សាទុក និងរក្សាសុវត្ថភាពទំនិញ។
ក្នុងពិធីសន្និបាតប្រចាំឆ្នាំនោះ ក៏មានការចូលរួមពីសំណាក់សមាគមផាឡែត និងតំណាងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីជាច្រើន រួមមាន៖ ប្រទេសចិន ជប៉ុន ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ភូមា និងបណ្តាប្រទេសដៃគូអន្តរជាតិផ្សេងទៀត ដើម្បីពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
តាមរយៈការចូលរួមនេះ សមាគមទទួលបានចំណេះដឹងថ្មីៗជាច្រើន និងឧត្តមានុវត្តន៍ (Best Practices) មកអភិវឌ្ឍ និងចែករំលែកសមាជិកវិស័យឡូជីស្ទុីក និងដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ។
ក្នុងថ្ងៃនោះដែរ សហព័ន្ធប្រព័ន្ធផាឡែតអាស៊ី (APSF) ក៏បានអញ្ជើញគណៈប្រតិភូមកពីបណ្តាប្រទេសទាំងអស់ ធ្វើទស្សកិច្ចសិក្សាឈ្វេងយល់ អំពីឃ្លាំងទំនើប ឃ្លាំងត្រជាក់ (Cold Chain) ដោយប្រើបច្ចេកវិទ្យាអេអាយ (AI) ក្នុងការបញ្ជា និងគ្រប់គ្រងដែលមានប្រសិទ្ធបំផុត ដែលធ្វើឱ្យសមាគមទទួលបានចំណះដឹងថ្មីៗបន្ថែមទៀត៕











