FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ ច័ន្ទវាសនា អញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធកុដិថ្មី នៅខេត្តបន្ទាយមានជ័យ

05-09-2026 20:31

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ វត្តប្រាសាទស្រះកណ្តាលខ្ចាស់ ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធកុដិថ្មីសច្ចៈ កណ្តាលខ្ចាស់ រួមទាំងកុដិព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ចំនួន១ខ្នង។

ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ។

ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម មន្ត្រីសង្ឃអមដំណើរ រដ្ឋបាលស្រុកព្រះនេត្រព្រះ ព្រះគ្រូចាន់សុជុន ព្រះចៅអធិការវត្តស្រះកណ្តាលខ្ចាស់ ព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ទៀត។

ព្រះគ្រូចាន់សុជុន បានមានសង្ឃដីកាថា កុដិថ្មីសច្ចៈ កណ្តាលខ្ចាស់ នេះត្រូវបានកសាងឡើងដោយការផ្តើមបុណ្យពីមហាឧបាសក គីម ឈុនអៀង និងមហាឧបាសិកា អ៊ង រ៉ុង ព្រមទាំងកូនចៅ ញាតិមិត្តជិតឆ្ងាយ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។

កុដិថ្មីនេះបានចំណាយថវិកាសាងសង់អស់ចំនួន ១៨០.០០០ ដុល្លារអាមេរិក និងចំណាយពេលសាងសង់អស់រយៈពេលមួយឆ្នាំទើបរួចរាល់ជាស្ថាពរ។

ក្នុងឱកាសនោះ លោក គង់ ច័ន្ទវាសនា បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមសម្ពោធសមិទ្ធផលដ៏ថ្លៃថ្លានេះ។

លោកបានសង្កត់ធ្ងន់ថា ការរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយសុខសន្តិភាពក្នុងប្រទេសជាតិ គឺជាកត្តាចម្បងដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នាមានពេលវេលា និងឱកាសក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន៕