FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក ARDB លើកទឹកចិត្តរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម ពង្រឹង និងពង្រីកផលិតកម្ម

05-09-2026 18:57

(កំពង់ចាម)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ នៅក្នុងខេត្តកំពង់ចាម ឱ្យបន្តពង្រឹង និងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពកែច្នៃស្រូវ ធានាគុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្តង់ដារកាន់តែខ្ពស់។

ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត បានដឹកនាំសហការី ព្រមជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចុះតាមដាន និងពិនិត្យសកម្មភាពអាជីវកម្ម ព្រមទាំងស្វែងយល់ពីស្ថានភាពផលិតកម្ម និងជំរុញខ្សែសង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំងផ្សេងគ្នា ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានជំរុញឱ្យម្ចាស់រោងម៉ាស៊ីនបន្តយកចិត្តទុកដាក់លើការវិនិយោគលើបច្ចេកវិទ្យា និងការពង្រីកសមត្ថភាពផលិតកម្ម ដើម្បីឱ្យការកែច្នៃស្រូវអាចសម្រេចបានគុណភាពខ្ពស់ កាត់បន្ថយការខាតបង់ និងបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្រូវអង្ករកម្ពុជា ។

រោងម៉ាស៊ីនកិនស្រូវទាំង ៣ ទីតាំងដែលលោកបណ្ឌិត កៅ ថាច និងក្រុមការងារបានចុះតាមដាន និងពិនិត្យរួមមាន៖

១. រោងម៉ាស៊ីនកិនស្រូវ យូ ឃីម (You Khim Rice Mill) ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៦។
២. រោងម៉ាស៊ីនកិនស្រូវ សេកមាស ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៣. រោងម៉ាស៊ីនកិនស្រូវ ភូមិយើង ស្ថិតនៅភូមិស្វាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវទាំងនេះ គឺជាផ្នែកមួយនៃការជំរុញ និងពង្រឹងខ្សែសង្វាក់តម្លៃវិស័យស្រូវអង្ករ ព្រមទាំងការលើកកម្ពស់សមត្ថភាពកែច្នៃ និងប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីចូលរួមបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងជួយបង្កើនទីផ្សារសម្រាប់ស្រូវរបស់ប្រជាកសិករកម្ពុជា ៕