កម្ពុជា ជំរុញការបើកចំហនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងសុចរិតភាពព័ត៌មាន នៅវេទិកាអាអាស៊ី-ប៉ាស៊ីហ្វិក
05-09-2026 18:43
(សិនជិន-ចិន)៖ តំណាងក្រសួងព័ត៌មានកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការបើកចំហកាន់តែទូលំទូលាយ នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការពង្រឹងសុចរិតភាពព័ត៌មាន ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងបរិយាកាសព័ត៌មានប្រកបដោយទំនុកចិត្ត ដើម្បីរួមចំណែកដល់សន្តិភាព ការស្វែងយល់គ្នាទៅវិញទៅមក និងវិបុលភាពរួមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ការលើកឡើងនេះធ្វើឡើងដោយតំណាងក្រសួងព័ត៌មាន ក្នុងឱកាសចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាសារព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Media Forum–APMF) នៅទីក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ថ្លែងក្នុងនាមក្រសួងព័ត៌មាន និងជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា នៅក្នុងបរិយាកាសព័ត៌មានដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រព័ន្ធផ្សព្វផ្សាយមិនមែនគ្រាន់តែមានតួនាទីក្នុងការផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីក្នុងការកសាងការយល់ដឹងសាធារណៈ ភ្ជាប់សង្គម និងពង្រឹងទំនុកចិត្តរវាងប្រជាជន និងប្រទេសនានា។
ការបើកចំហកាន់តែទូលំទូលាយ៖ ពង្រឹងការយល់ដឹង និងទំនុកចិត្តកម្ពុជាមើលឃើញថា ការបើកចំហ គឺជាគ្រឹះសម្រាប់ការកសាងការយល់ដឹង និងទំនុកចិត្តទៅវិញទៅមកក្នុងតំបន់។ នៅក្នុងពិភពលោកដែលកាន់តែមានការតភ្ជាប់គ្នា ស្ថាប័នសារព័ត៌មានមានទំនួលខុសត្រូវក្នុងការជំរុញការសន្ទនាប្រកបដោយស្ថាបនា ផ្តល់ព័ត៌មានត្រឹមត្រូវ និងគួរឱ្យទុកចិត្ត ព្រមទាំងជួយឱ្យមានការស្វែងយល់ពីគ្នាបានកាន់តែប្រសើរ។ បរិយាកាសសារព័ត៌មានដែលបើកចំហ មានភាពចម្រុះ និងប្រកបដោយការទទួលខុសត្រូវ អាចជួយបន្ថយការយល់ច្រឡំ ការពង្រឹងទំនុកចិត្ត ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។
សម្រាប់កម្ពុជា ការបើកចំហមិនត្រឹមតែមានន័យថា ការទទួលបានព័ត៌មានកាន់តែទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែរួមមានការបង្កើតលំហសម្រាប់ការសន្ទនា ការផ្លាស់ប្តូរទស្សនៈ និងការយល់ដឹងអំពីភាពចម្រុះនៃសង្គម និងវប្បធម៌នៅទូទាំងអាស៊ី-ប៉ាស៊ីហ្វិក។
នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ៖ បច្ចេកវិទ្យាត្រូវបម្រើមនុស្សចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត វេទិកាឌីជីថល បច្ចេកវិទ្យាក្លោដ ទិន្នន័យធំ និងបច្ចេកវិទ្យាទំនាក់ទំនងថ្មីៗ កម្ពុជាបានគាំទ្រ នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ ដែលផ្តោតលើមនុស្ស បរិយាបន្ន ក្រមសីលធម៌ និងគណនេយ្យភាព។ បច្ចេកវិទ្យាថ្មីៗកំពុងបើកឱកាសធំសម្រាប់វិស័យសារព័ត៌មាន ទាំងការបង្កើនល្បឿនផលិតកម្ម ការពង្រីកការចូលដល់ព័ត៌មាន និងការបង្កើតទម្រង់ថ្មីនៃអន្តរកម្មជាមួយទស្សនិកជន។
ប៉ុន្តែឱកាសទាំងនេះត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវខ្ពស់ជាងមុន។ ជាពិសេស ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យសារព័ត៌មានគួរតែជួយបំពេញបន្ថែមដល់ការវិនិច្ឆ័យរបស់អ្នកសារព័ត៌មានជំនាញ មិនមែនជំនួសវិជ្ជាជីវៈមនុស្សឡើយ ហើយត្រូវគោរពគោលការណ៍សំខាន់ៗនៃ ភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាព។
ក្នុងទិសដៅនេះ កម្ពុជាបន្តយកចិត្តទុកដាក់លើបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសារព័ត៌មាន ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយ និងការកសាងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកជំនាញ ដើម្បីឱ្យពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
កិច្ចសហប្រតិបត្តិការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ៖ ពីការនិយាយអំពីគ្នា ទៅការធ្វើការជាមួយគ្នា
កម្ពុជាបានលើកឡើងថា បញ្ហាប្រឈមក្នុងបរិយាកាសព័ត៌មានសម័យឌីជីថល មិនអាចដោះស្រាយដោយប្រទេស ឬស្ថាប័នណាមួយតែឯងបានទេ។
ព័ត៌មានមិនត្រឹមត្រូវ និងព័ត៌មានបំភ័ន្តអាចឆ្លងព្រំដែនយ៉ាងឆាប់រហ័ស ខណៈបច្ចេកវិទ្យា និងទម្រង់នៃការប្រើប្រាស់ព័ត៌មានក៏កំពុងផ្លាស់ប្តូរជាបន្តបន្ទាប់។ ដោយហេតុនេះ កម្ពុជាគាំទ្រឱ្យមាន កិច្ចសហប្រតិបត្តិការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈកាន់តែជិតស្និទ្ធ នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការផ្លាស់ប្តូរអ្នកសារព័ត៌មាន ការបណ្តុះបណ្តាល ការផលិតមាតិកាដោយសហការ ការស្រាវជ្រាវ ការផ្ទៀងផ្ទាត់ការពិត និងការចែករំលែកឧត្តមានុវត្តន៍។
ជាមួយគ្នានេះ ការបង្កើតឱកាសឱ្យអ្នកសារព័ត៌មានវ័យក្មេង និងអ្នកជំនាញសារព័ត៌មានអាចជួបពិភាក្សា រៀនសូត្រ និងធ្វើការជាមួយគ្នា នឹងជួយបង្កើតជំនាន់ថ្មីនៃអ្នកសារព័ត៌មាន ដែលមានសមត្ថភាពទាំងផ្នែកបច្ចេកវិទ្យា ក្រមសីលធម៌វិជ្ជាជីវៈ និងការយល់ដឹងអំពីភាពចម្រុះក្នុងតំបន់។
សារសំខាន់មួយដែលកម្ពុជាបានលើកឡើងនៅក្នុងវេទិកាគឺ ស្ថាប័នសារព័ត៌មានគួរផ្លាស់ពីការត្រឹមតែ «និយាយអំពីគ្នា» ទៅរកការបង្កើនឱកាសក្នុងការ «និយាយជាមួយគ្នា រៀនសូត្រពីគ្នា និងធ្វើការរួមគ្នា»។
ពង្រឹងសុចរិតភាពព័ត៌មាន៖ កសាងទំនុកចិត្តសាធារណៈ
សុចរិតភាពព័ត៌មានត្រូវបានកម្ពុជាចាត់ទុកថា ជាគ្រឹះមួយសម្រាប់ការកសាងទំនុកចិត្តសាធារណៈ និងសង្គមដែលមានព័ត៌មានគ្រប់គ្រាន់។
នៅកម្ពុជា ក្រសួងព័ត៌មានបន្តជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មាន និងសារព័ត៌មានដែលមានវិជ្ជាជីវៈ ការទទួលខុសត្រូវ បរិយាបន្ន និងទំនើបកម្ម តាមរយៈការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការពង្រឹងលទ្ធភាពទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងសារព័ត៌មាន ព្រមទាំងការកសាងទំនុកចិត្តសាធារណៈ។
ការពង្រឹងសុចរិតភាពព័ត៌មាន មិនមែនជាការទទួលខុសត្រូវរបស់សារព័ត៌មានតែប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យមានកិច្ចសហការរវាងស្ថាប័នសារព័ត៌មាន រដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានសិក្សា ដៃគូបច្ចេកវិទ្យា និងសង្គមទាំងមូល។
ក្នុងបរិបទដែលព័ត៌មានរីករាលដាលយ៉ាងឆាប់រហ័ស ការរក្សាភាពត្រឹមត្រូវ ភាពជឿជាក់ និងការទទួលខុសត្រូវ កាន់តែមានសារៈសំខាន់សម្រាប់ការពារទំនុកចិត្តសាធារណៈ និងការរក្សាបរិយាកាសព័ត៌មានដែលមានសុខភាពល្អ។
សារព័ត៌មានជាដៃគូនៃការអភិវឌ្ឍ និងសន្តិភាពនៅចុងបញ្ចប់ កម្ពុជាបានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយសព្វថ្ងៃមិនមែនគ្រាន់តែជាអ្នកសង្កេតការណ៍លើដំណើរការអភិវឌ្ឍន៍នោះទេ ប៉ុន្តែជាតួអង្គដែលមានឥទ្ធិពលក្នុងការកសាងការយល់ដឹងសាធារណៈ ភ្ជាប់សង្គម និងបង្កើនទំនុកចិត្តរវាងប្រទេសនានា។
ក្នុងន័យនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការបរិយាកាសសារព័ត៌មានដែល ផ្តល់តម្លៃដល់ការពិតជាងការបង្កើតអារម្មណ៍រំជើបរំជួល ការសន្ទនាជាងការបែកបាក់ កិច្ចសហប្រតិបត្តិការជាងការប្រឈមមុខ និងវឌ្ឍនភាពរួមជាងផលប្រយោជន៍ឯកជន។
កម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនបន្តធ្វើការជាមួយមិត្ត និងដៃគូទូទាំងតំបន់ ដើម្បីជំរុញ ការបើកចំហកាន់តែទូលំទូលាយ នវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការពង្រឹងសុចរិតភាពព័ត៌មាន ដែលជាកត្តាស្នូលសម្រាប់ការរួមចំណែកកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព បរិយាបន្ន ទំនុកចិត្ត និងវិបុលភាពរួម៕
