ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ
05-09-2026 16:54
(កែប)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីនគរបាល និងកងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ដោយការអនុវត្តវិន័យ និងច្បាប់ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ។
មានប្រសាសន៍ណែនាំបែបនេះ ក្នុងពិធីពិសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាល និងមន្ត្រីដែលប្រើប្រាស់ឯកសណ្ឋាន ត្រូវប្រើឯកសណ្ឋានឱ្យបានត្រឹមត្រូវតាមគោលការណ៍ និងត្រូវរក្សាភាពជាគំរូដល់ប្រជាពលរដ្ឋ ជាពិសេស រាល់ពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ដើម្បីបង្ហាញពីការគោរពច្បាប់ និងធ្វើជាគំរូល្អក្នុងសង្គម។
ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងរៀបចំការចុះត្រួតពិនិត្យយានយន្ត ដោយផ្តោតលើការប្រើប្រាស់ ស្លាកលេខក្លែងក្លាយ និងយានយន្តដែលមិនបានបំពេញកាតព្វកិច្ចពន្ធ ព្រមទាំងចាត់វិធានការតាមច្បាប់ ចំពោះយានយន្តដែលរកឃើញថាមានការប្រព្រឹត្តល្មើស។
ការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់នេះ ត្រូវអនុវត្តដោយស្មើភាព និងមិនមានការលើកលែង ដោយមន្ត្រីមានសមត្ថកិច្ចត្រូវចាប់ផ្តើមអនុវត្តច្បាប់លើខ្លួនឯង និងមន្ត្រីក្នុងជួររបស់ខ្លួនជាមុន ដើម្បីធានាបាននូវភាពជាគំរូ និងភាពជឿទុកចិត្តពីប្រជាពលរដ្ឋ៕



















































