FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦៨នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងល្បែងស៊ីសង

05-09-2026 16:46

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៦៨នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងករណីបើកល្បែងស៊ីសងដោយខុសច្បាប់។

ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង ០២:៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការដឹកនាំបញ្ជាដោយលោក អនុសេនីយ៍ឯក តិល តៃលីវ និងលោកវរសេនីយ៍ត្រី គង់ រិទ្ធា ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញបានចុះបង្រ្កាបទីតាំងចំនួន ០២កន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៣៣នាក់។

ក្រោយការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន រកឃើញជនសង្ស័យចំនួន ៦៨នាក់/ស្រី៤៨នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិខ្មែរ ៣៩នាក់/ស្រី៣២នាក់ និងជនបរទេស ២៩នាក់/ស្រី១៧នាក់ ដែលរួមមានជនជាតិថៃ ឡាវ វៀតណាម ចិន និងឥណ្ឌូនេស៊ី។ ចំណែកឯជនសង្ស័យចំនួន ៦៥នាក់ ដែលមិនពាក់ព័ន្ធបទល្មើស និងគ្មានសារធាតុញៀន ត្រូវបានអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញក៏បានដកហូតវត្ថុតាងរួមមានគ្រឿងញៀន ទូរសព្ទ និងសម្ភារៈមួយចំនួនទៀតផងដែរ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្រ្កាបនេះ ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នេះ គឺដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងល្បែងស៊ីសង ដែលជាភ្នាក់ងារបំផ្លាញសង្គមជាតិ៕