FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ អប់រំ ណែនាំអ្នកលក់ដូរ និងអ្នកចតយានយន្តលើដងផ្លូវស្ថិតក្នុងភូមិ២ សង្កាត់២ ដើម្បីរក្សាសោភ័ណភាពទីក្រុង

05-09-2026 16:43

(ព្រះសីហនុ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយបានអប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋជាអ្នកលក់ដូរ និងអ្នកចតយានយន្តនានា នៅតាមបណ្តោយដងផ្លូវសាធារណៈក្នុងក្រុង នៅចំណុចចំណោតតាផលលើភ្នំក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សំដៅជួយលើកកម្ពស់សោភ័ណភាព បរិស្ថាន សុខភាព សុវត្ថិភាព និងសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រងអ្នកលក់ដូរអនាធិបតេយ្យលើដងផ្លូវ និងចិញ្ចើមផ្លូវ ដើម្បីរក្សាសោភ័ណភាពទីក្រុង ឱ្យបានល្អប្រសើរ ដែលធ្វើឱ្យទីក្រុងព្រះសីហនុក្លាយជាទីក្រុងស៊ីវិល័យ និងជាគោលដៅទេសចរណ៍ដ៏ល្អបំផុត។

លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការចុះរៀបចំសណ្តាប់ធ្នាប់បានធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី បានបន្ថែមថា ការចុះរៀបចំនេះ ក៏ដើម្បីឱ្យប្រជាពលរដ្ឋបញ្ឈប់ការលក់ដូរលើដងផ្លូវ និងចតឈប់យានយន្តតលើចិញ្ចើមផ្លូវសាធារណៈដែលបង្កភាពអាណាធិបតេយ្យ និងកកស្ទះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពការធ្វើចរាចរណ៍លើដងផ្លូវមិនឱ្យកកស្ទះ អនាម័យល្អ កាត់បន្ថយហានិភ័យផ្សេងៗជាយថាហេតុ និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានសណ្ដាប់ធ្នាប់របៀបរៀបរយស្រស់ស្អាត មានអនាម័យល្អក្នុងទីក្រុង។

គូសជម្រាប់ជូនថា ទីកន្លែងស្អាតបាត រៀបចំរៀបរយ គឺចំណែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ដែលជួយឱ្យវិស័យទេសចរណ៍រីកចម្រើន អាជីវកម្មក្នុងស្រុកទទួលបានអតិថិជនច្រើន និងតម្លៃអចលនទ្រព្យកើនឡើង។ លើសពីនេះ ការរក្សាសណ្តាប់ធ្នាប់សាធារណៈក៏រួមបញ្ចូលទាំងការរក្សាសន្តិសុខ ការបង្ក្រាបបទល្មើស និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ដែលសុទ្ធតែជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍរីកចម្រើនរបស់សង្គម៕