FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ថោ ជេដ្ឋា ជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្សប្រមាណ ២,៨០០នាក់ មកពីឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ

05-09-2026 16:27

(កំពង់ធំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារគណបក្សប្រមាណ ២,៨០០នាក់ មកពីតាមបណ្តាភូមិចំនួន១៦ នៅក្នុងមូលដ្ឋានឃុំទ្រា នៃស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងកិច្ចសំណេះសំណាលនេះ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកា ជាមេគ្រួសារគណបក្ស និងអង្គពិធីទាំងមូល។

លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រាសម្រេចបាននាពេលកន្លងមក ក្នុងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ប្រឡាយទឹក ផ្លូវថ្នល់ បន្ទប់ទឹក សាលារៀន មណ្ឌលសុខភាព និងវត្តអារាម។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារ ត្រូវបន្តចូលរួមឱ្យកាន់តែសកម្មក្នុងការចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជួបការលំបាក ព្រមទាំងបន្តជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ ជនចាស់ជរា ស្ត្រីសម្រាលកូន គ្រួសារងាយរងគ្រោះ គ្រួសារមរណភាព គ្រួសារវីរកងទ័ពជួរមុខ គ្រួសារភៀសសឹក និងគ្រួសារពលករចំណាកស្រុកជាដើម។

លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាតួអង្គតែមួយ និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការរួមដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ខាងមុខនេះ៕