FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន គឹមជាតិ ចុះសំណេះសំណាល និងឧបត្ថម្ភសម្ភារដល់ប្រជាការពារ និងចាស់ជរា នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

05-09-2026 16:04

(ព្រៃវែង)៖ លោក ហ៊ុន គឹមជាតិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងទទួលជួយឃុំក្តឿងរាយ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាការពារ និងសួរសុខទុក្ខចាស់ជរាមួយចំនួន ក្នុងឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក ហ៊ុន គឹមជាតិ ក៏បាននាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភដល់ពួកគាត់ផងដែរ។

ក្នុងពិធីសំណេះសំណាលនោះ លោក ហ៊ុន គឹមជាតិ បានឧបត្ថម្ភឯកសណ្ឋានប្រជាការពារចំនួន ៤០ឈុត ដែលមានតម្លៃសរុប ២,២៤០,០០០រៀល ដល់កងកម្លាំងប្រជាការពារ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលដល់ការបំពេញភារកិច្ចរបស់ពួកគាត់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល ដល់លោក ប៊ិន សម្បត្តិ អភិបាលរងស្រុក និងជាអនុប្រធានគណបក្សស្រុក សម្រាប់ចុះជួបសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ។

បន្ទាប់ពីនោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ក្នុងមួយគ្រួសារ ដល់ចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ រួមមាន៖ យាយ ណែម ឡេង អាយុ ៧៦ឆ្នាំ ពិការភ្នែក រស់នៅភូមិល្ងើន, យាយ វ៉ុក ថុន អាយុ ៧៦ឆ្នាំ ចាស់ជរាមានជំងឺ និងយាយ ស៊ាន ស៊ីមាន អាយុ ៥៨ឆ្នាំ ពិការដៃមួយចំហៀង៕