និស្សិតស្រីម្នាក់ដែលត្រូវរថយន្តដឹកសសរបេតុងកិនស្លាប់នៅខណ្ឌដង្កោ មិនទាន់ទទួលបានយុត្តិធម៌ និងសំណងសម្រាប់គ្រួសារនៅឡើយទេ, សូមថ្នាក់ដឹកនាំសាលាដំបូងរាជធានីភ្នំពេញ ជួយពន្លឿនការដោះស្រាយផង
05-09-2026 15:21
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ ដែលបានបណ្តាលឲ្យនិស្សិតស្រីម្នាក់ឈ្មោះ ស៊ុំ នីសា បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខក្រុមហ៊ុន «បូសខនអ៊ិនវេសមិន» ផ្លូវលេខ១០៤ ភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ពោលសំណងដ៏សមរម្យមួយដល់ក្រុមគ្រួសារនារីរងគ្រោះមិនទាន់ទទួលបាននោះទេ។
តាមព័ត៌មានពីក្រុមគ្រួសាររបស់នារីរងគ្រោះ បានបញ្ជាក់ថា ការជួបចរចាជាមួយតំណាងក្រុមហ៊ុនកន្លងទៅ, តំណាងក្រុមហ៊ុនបានលើកឡើងពីសំណងត្រឹមតែ ៧,០០០ដុល្លារ ខណៈក្រុមគ្រួសារបានទាមទារសំណងចំនួន ១៧,០០០ដុល្លារ។
ក្រុមគ្រួសារមានអារម្មណ៍ និងទទួលការដាក់សម្ពាធឲ្យទទួលយកសំណង ហើយមានការលើកឡើងក្នុងន័យថា ប្រសិនបើបន្តនាំរឿងទៅដល់ថ្នាក់លើ ឬបន្តដោះស្រាយតាមផ្លូវផ្សេងទៀត ក៏អាចនឹងមិនទទួលបានអ្វីបន្ថែមទៀតដែរ។
សម្រាប់ឪពុកម្តាយ និងក្រុមគ្រួសារ, ប្រាក់ ១៧,០០០ដុល្លារ ឬសូម្បីតែចំនួនច្រើនជាងនេះ ក៏មិនអាចយកមកជំនួសជីវិតកូនស្រីដែលបានបាត់បង់ឡើយ។ អ្វីដែលពួកគេចង់បាន គឺការទទួលខុសត្រូវ និងយុត្តិធម៌ចំពោះការបាត់ បង់ជីវិតកូនរបស់ពួកគេ។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា «មួយជីវិតមនុស្ស មិនអាចមានតម្លៃត្រឹមចំនួនប្រាក់ណាមួយបានឡើយ។ ប្រាក់អាចសងការខាតបង់ខ្លះៗ ប៉ុន្តែមិនអាចសងជីវិតកូនដែលបាត់បង់ទៅហើយបានទេ។ អ្វីដែលគ្រួសារត្រូវការ គឺយុត្តិធម៌»។
ម្តាយជនរងគ្រោះ សូមស្នើសុំយ៉ាងទទូចដល់សាលាដំបូងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីឲ្យគ្រួសារទទួលបានយុត្តិធម៌ និងសំណងសមរម្យតាមច្បាប់ ព្រមទាំងស្នើឲ្យមានការអនុវត្តនីតិវិធីចំពោះអ្នកពាក់ព័ន្ធ ប្រសិនបើរកឃើញថាមានការប្រព្រឹត្តខុសច្បាប់។
ម្ដាយជនរងគ្រោះដដែលបានរៀបរាប់ថា «កូនស្លាប់ជិត៤ខែហើយ មិនទាន់បានសំណងសូម្បីតែ ១០០រៀល ហើយសង្ឃឹមថា សំណើរបស់គាត់នឹងត្រូវបានស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងជួយស្វែងរកដំណោះស្រាយដោយយុត្តិធម៌»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ម៉ោង ១៤៖១៧នាទី នៅចំណុចមុខក្រុមហ៊ុន «បូសខនអ៊ិនវេសមិន» ផ្លូវលេខ១០៤ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-8876 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8550 បើកបរដោយឈ្មោះ វ៉ាន់ លាប និងម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DH-5855 បើកបរដោយឈ្មោះ សុំ នីសា បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ សុំ នីសា ស្លាប់ ចំណែកអ្នកបើកបររថយន្តឈ្មោះ វ៉ាន់ លាប បានរត់គេចខ្លួន។ ជនរងគ្រោះ ស៊ុំ នីសា អាយុ២១ឆ្នាំ ជានិស្សតឆ្នាំទី៣ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ដ្រអេស៊ីលីដា៕







