វេជ្ជបណ្ឌិត គួង ឡូ ពិភាក្សាជាមួយប្រធានបេសកកម្ម MSF Switzerland ថ្មី និងចាស់ ដើម្បីពង្រឹងសេវាសុខាភិបាលនៅខេត្តព្រះវិហារ
05-09-2026 15:04
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបលោក Anton Breve ប្រធានបេសកកម្មថ្មីនៃអង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (MSF Switzerland) និងលោក Olivier Kleih ប្រធានបេសកកម្មដែលចប់អាណត្តិ ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលក្នុងខេត្ត។
ក្នុងជំនួបនោះ លោក Olivier Kleih បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អប្រសើរនាពេលកន្លងមក ខណៈដែលលោក Anton Breve បានប្តេជ្ញាបន្តកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមចំណែកពង្រឹងគុណភាពសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម។ ភាគីទាំងពីរបានផ្តោតលើការងារសំខាន់ៗរួមមាន ការលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារក ព្រមទាំងការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត គួង ឡូ បានស្នើឱ្យក្រុមការងារបច្ចេកទេសបន្តពិភាក្សាស្វែងរកយុទ្ធសាស្ត្រឆ្លើយតបចំពោះបញ្ហាមរណភាពមាតា និងទារក ដែលពាក់ព័ន្ធនឹងភាពយឺតយ៉ាវក្នុងការស្វែងរកសេវាថែទាំសុខភាព។ ជាការឆ្លើយតប លោក Anton Breve និងលោក Olivier Kleih បានយល់ព្រមឱ្យក្រុមឆ្មបរបស់អង្គការ MSF Switzerland មកពិភាក្សាជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្តក្នុងពេលឆាប់ៗនេះ។
លើសពីនេះ អង្គការ MSF Switzerland ក៏បានបង្ហាញពីផែនការចូលរួមចំណែកក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺគ្រុនឈាមនៅក្នុងខេត្តផងដែរ។ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់នេះ និងបានស្នើឱ្យភាគីទាំងពីរពិភាក្សាលើសកម្មភាព និងវិធានការអន្តរាគមន៍ថ្មីៗ។
លោកក៏បានអញ្ជើញគណៈប្រតិភូអង្គការ MSF Switzerland ចុះទស្សនកិច្ចនៅមណ្ឌលសុខភាពមួយក្បែរក្រុងព្រះវិហារ ដើម្បីស្វែងយល់ពីការផ្ដល់សេវាសុខភាពនៅមូលដ្ឋាន។ កិច្ចជំនួបនេះបានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងអង្គការ MSF Switzerland ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៕










