FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រមណ្ឌលស្វាយរៀង ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ចាស់ជរា នៅស្រុកកំពង់រោទិ៍

05-09-2026 15:01

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោកបណ្ឌិត សម តារា និងលោកបណ្ឌិត ជ័យ សុន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកយាយ លោកតាចាស់ជរា ចំនួន ៦ នាក់ រស់នៅភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ប្រកបដោយភាពកក់ក្តៅ។

ក្នុងឱកាសនោះ លោកបណ្ឌិតទាំងពីរ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង។ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរុងរឿង ព្រមទាំងថែរក្សាសន្តិភាពពេញលេញជូនប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ លោកបណ្ឌិតទាំងពីរ ក៏បានក្រើនរំលឹកដល់លោកតា លោកយាយទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ញឹកញាប់។ ពួកគាត់ត្រូវបានណែនាំឲ្យពាក់អាវរងា ឬប្រើភួយក្រាស់ៗនៅពេលមេឃត្រជាក់ ជៀសវាងការដើរហាលភ្លៀង ពិសាទឹកឆ្អិន និងបរិភោគអាហារដែលចម្អិនឆ្អិនល្អ។ លើសពីនេះ ត្រូវសម្រាន្តក្នុងមុង និងស្លៀកសម្លៀកបំពាក់ដៃវែងជើងវែង ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក។ ប្រសិនបើមានអាការមិនស្រួលខ្លួន ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬពិគ្រោះជាមួយកូនចៅ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។

ជាការបង្ហាញពីការយកចិត្តទុកដាក់ លោកបណ្ឌិត សម តារា និងលោកបណ្ឌិត ជ័យ សុន បានឧបត្ថម្ភជូនលោកតា លោកយាយម្នាក់ៗនូវ អង្ករ ១បេតូច ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស មី ១កេស និងថវិកាចំនួន ១០០ ០០០ រៀល។ សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការគិតគូរ និងការទទួលខុសត្រូវរបស់តំណាងរាស្ត្រចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ដែលត្រូវការការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភ៕