លោក ចាយ បូរិន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា នៅគេហដ្ឋាន
05-09-2026 14:59
(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ជូនលោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ជូនលោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាល សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
កិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានបីតិសោមនស្សយ៉ាងក្រៃលែង និងសូមសម្ដែងអំណរគុណជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ ពីសម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយស និងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍និងប្រពៃណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា»។
លោកកិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។
ទន្ទឹមនេះលោកកិត្តិនីតិកោសលបណ្ឌិត បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលឯកឧត្តមធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិនិងគណបក្សប្រជាជនកម្ពុជា ដើម្បីចែករំលែកជាបទពិសោធដល់យុវជន ដោយបានឆ្លងកាត់តួនាទីជាច្រើនក្នុងជួរគណបក្ស រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ គឺ៖
ក. ប្រវត្តិរូបសង្ខេប ការសិក្សា និងវគ្គបណ្ដុះបណ្ដាល៖ កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៤៨ នៅភូមិជូនម៉ៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងបានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ក្នុងមួយជីវិតរបស់លោកបានបូជាយុវវ័យរបស់ខ្លួន ដែលជាវ័យត្រូវទទួលការសិក្សាអប់រំនៅសាលាចំណេះដឹងទូទៅ ចូលបម្រើជាតិមាតុភូមិជាប់រហូតមកដល់សព្វថ្ងៃនេះ។ ឆ្លងតាមការបំពេញការងារគ្រប់ជំនាន់ លោកបានអនុវត្តតាមទ្រឹស្ដី «រៀនបណ្ដើរ ធ្វើបណ្ដើរ» រហូតបង្កើនបានចំណេះដឹងក្នុងកម្រិតមួយគួរឱ្យកោតសរសើរ និងពោរពេញដោយបទពិសោធជាច្រើនក្នុងឋានៈជាអ្នកដឹកនាំ។
តាមរយៈការទទួលតួនាទីដឹកនាំគ្រប់គ្រងនៅគ្រប់ដំណាក់កាល លោកក៏បានឆ្លងកាត់ និងចូលរៀនវគ្គនយោបាយជាបន្តបន្ទាប់ ក្នុងនោះមាន៖
*ទី១៖ វគ្គអប់រំនយោបាយមន្ត្រីជាន់ខ្ពស់
*ទី២៖ វគ្គសិក្សាផ្នែកទស្សនវិជ្ជា
*ទី៣៖ វគ្គសិក្សាផ្នែកវិទ្យាសាស្ត្រសម្ភារនិយម និងបដិច្ចសមុប្បាទ។
ខ. ប្រវត្តិការងារ៖
*ទី១៖ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ ជាអភិបាលខេត្តកំពង់ចាម
*ទី២៖ ឆ្នាំ១៩៨១-១៩៨៥ ជារដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យ
*ទី៣៖ ឆ្នាំ១៩៨៥-១៩៨៩ ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យបក្ស
*ទី៤៖ ឆ្នាំ១៩៨៩ -១៩៩៣ ជាអភិបាលរាជធានីភ្នំពេញ
*ទី៥៖ ឆ្នាំ១៩៩៣-១៩៩៩ ជាទីប្រឹក្សាសម្ដេចប្រធានរដ្ឋសភា
*ទី៦៖ ឆ្នាំ១៩៩៩ ជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
*ទី៧៖ ឆ្នាំ២០១៨-២០២៤ ជាអនុប្រធានទី១ ព្រឹទ្ធសភា និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
គ. គ្រឿងឥស្សរិយយសដែលបានទទួល៖
*ទី១៖ ឥស្សរិយយសជាតូបការ
*ទី២៖ ឥស្សរិយយសឯករាជ្យជាតិ
*ទី៣៖ ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសិរីវឌ្ឍន៍
*ទី៤៖ ឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍
*ទី៥៖ ឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
*ទី៦៖ ឥស្សរិយយសសម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្សកុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍
*ទី៧៖ ឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ
*ទី៨៖ ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ
*ទី៩៖ ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា។
ជាងនេះទៅទៀត កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានចែករំលែកបទពិសោធ ដល់យុវជនគណបក្ស ដូចខាងក្រោម៖
*សរសើរសំណាងយុវជនក្នុងសម័យតេជោធិបតី ទទួលបានភាពរីកចម្រើនក្នុងពេលប្រទេសជាតិ មានសុខសន្តិភាព។
*សូមឱ្យយុវជនបន្តពង្រឹងធ្លុងសាមគ្គីភាព ដើម្បីបន្តវេនក្នុងកិច្ចការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ហើយកត្តាសាមគ្គីភាពនេះ កើតឡើងពីការចេះយោគយល់ អត់ធ្មត់ មានការអធ្យាស្រ័យ និងចេះជួយគ្នាក្នុងគ្រាលំបាក ។
*យុវជនត្រូវដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រោះគណបក្សប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងមានប្រជាជនជារបងបង្អែកដ៏រឹងមាំ។
*យុវជនត្រូវគិតពិចារណាឱ្យយល់ពីការពិត ដោយមើលទៅលើរបត់ប្រវត្តិសាស្រ្ត និងស្ថានភាពជាក់ស្ដែងនៃកាលៈទេសៈ។
លោកថា «ខ្ញុំមានមោទនភាពចំពោះការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក និងសង្ឃឹមជឿជាក់លើយុវជនបន្តវេនរួមគ្នាកសាងប្រទេសជាតិឱ្យរួចផុតពីភាពក្រីក្រ»។
លោកថ្លែងទៀតថា យុវជនជំនាន់មុនជាអ្នកត្រួសត្រាយផ្លូវ ចំណែកយុវជនជំនាន់ក្រោយត្រូវពង្រឹងពង្រីកសមត្ថភាពផ្នែកបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការបរិវត្តកម្មឌីជីថលក្នុងសម័យទំនើប។ ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ព្រោះជាការរំលេចឱ្យឃើញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ហើយក៏ជាការតភ្ជាប់មនោសញ្ចេតនារវាងយុវជនជំនាន់មុន និងយុវជនជំនាន់ក្រោយ ព្រមទាំងជាការផ្ដល់កម្លាំងចិត្តនិងតម្លៃដល់ឥស្សរជន ចាស់ព្រឹទ្ធចារ្យធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងក្រុមគ្រួសារ ។
តាងនាម សម្ដេចមហាបវរធិបតី ប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ដែលបានចូលរួមចំណែកក្នុងការរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបម្រើគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិកន្លងមក ជាពិសេសក្នុងវិស័យរដ្ឋបាលដែនដី ការត្រួតពិនិត្យ និងវិស័យនីតិប្បញ្ញត្តិ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវឧត្តមពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕











