FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ (Video inside)

05-09-2026 14:42

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញការអនុវត្តយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដោយបានជ្រើសរើស និងប្រគល់ពានរង្វាន់ជូនសហគ្រាស ក្រុមហ៊ុន រោងចក្រសរុបចំនួន ៩១ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។

លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំង ៩១នោះ មាន ពានមាស ៤៩ សហគ្រាស ពានប្រាក់ ២៣ សហគ្រាស និងពានសំរិទ្ធ ១៩ សហគ្រាស។

អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា៖«ការផ្តល់ពានរង្វាន់នេះ មិនមែនគ្រាន់តែជាការលើកសរសើរដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលមានអនុលោមភាពល្អប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់បន្តពង្រឹងការអនុវត្តច្បាប់ការងារ កែលម្អលក្ខខណ្ឌការងារ និងបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព សុខសាន្ត និងផលិតភាពខ្ពស់»។

សម្រាប់ក្រសួងការងារ បរិយាកាសការងារសុខសាន្ត និងទំនាក់ទំនងវិជ្ជាជីវៈល្អ គឺមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងស្ថិរភាពផលិតកម្ម កាត់បន្ថយវិវាទការងារ និងលើកកម្ពស់ទំនុកចិត្តរបស់និយោជក និងវិនិយោគិនផងដែរ។

គួរបញ្ជាក់ថា យុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» កើតចេញពីការអនុវត្តអនុសាសន៍រួមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជំរុញឱ្យអនុវត្ត ក្នុងឱកាសដែលសម្ដេចបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតកាលពីឆ្នាំ ២០២៣ដែលមានគោលបំណងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តច្បាប់ការងារ ការកែលម្អលក្ខខណ្ឌការងារ សុខុមាលភាពកម្មករនិយោជិត និងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើតបរិយាកាសការងារដែលមានសុខដុមរមនា សុខសាន្ត និងផលិតភាពខ្ពស់។

យុទ្ធនាការនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០២៥ តាមរយៈការរៀបចំជ្រើសរើសពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដោយផ្អែកលើលក្ខណវិនិច្ឆ័យអនុលោមភាពចំនួន ៨។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ១ ខែឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដើម្បីបន្តលើកទឹកចិត្តដល់សហគ្រាសដែលអនុវត្តបានល្អ និងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្រផ្សេងទៀតចូលរួមពង្រឹងអនុលោមភាពការងារ លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ។

ក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកើនពីប្រមាណ ៤០,៣០០ ដល់ ៤៧,៧៥៨ ពោលគឺកើនឡើងចំនួន ៧,៤៥៨ សហគ្រាស ឬប្រមាណ ១៨.៥ភាគរយ៕