វិទ្យាល័យពោធិ៍សាត់ បើកទំព័រប្រវត្តិសាស្ត្រថ្មី! ប្រកាសពង្រីក «សាលារៀនជំនាន់ថ្មី» ទទួលសិស្សថ្នាក់ទី១០ ចំនួន៥៤០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
05-09-2026 12:49
(ពោធិ៍សាត់)៖ វិស័យអប់រំក្នុងខេត្តពោធិ៍សាត់ បានឈានជើងចូលដល់របត់ថ្មីមួយទៀត តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់អប់រំឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែង នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី១០ នៃ «កម្មវិធីសាលារៀនជំនាន់ថ្មី (NGS)» នៅវិទ្យាល័យពោធិ៍សាត់។
ក្នុងរបាយការណ៍ស្វាគមន៍ របស់លោក ទិត្យ សុភា នាយករង តំណាង លោក ជា ឡេងយួន នាយកវិទ្យាល័យពោធិ៍សាត់ បានគូសបញ្ជាក់ពីមោទនភាព នៃការរីកចម្រើនឥតឈប់ឈរនៃគុណភាពអប់រំក្នុងសាលា ដោយអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានកំណើនយ៉ាងគំហុក៖
*ឆ្នាំសិក្សា ២០២៣-២០២៤៖ ជាប់ ៥៥.៣៣%
*ឆ្នាំសិក្សា ២០២៤-២០២៥៖ ជាប់ ៨៣.៩២%
*ឆ្នាំសិក្សា ២០២៥-២០២៦ (ថ្មីៗនេះ)៖ ជាប់រហូតដល់ ៩០.៨៥% (សិស្សស្រី ៩២.៤៤%)
លោកនាយករងបន្តថា ការអនុញ្ញាតពង្រីក «សាលារៀនជំនាន់ថ្មី» និងផែនការជ្រើសរើសសិស្ស ផ្អែកតាមលិខិតលេខ ១៤៣២ សហវ.ល.ស.អថ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រីកវិសាលភាព «សាលារៀនជំនាន់ថ្មី» ចំនួន១បន្ថែមទៀត នៅវិទ្យាល័យពោធិ៍សាត់ សម្រាប់ការអនុវត្តចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦នេះតទៅ។
លោក ទិត្យ សុភា បន្ថែមថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ សាលាបានរៀបចំការប្រឡងជ្រើសរើសសិស្សថ្នាក់ទី១០ ចូលរៀនកម្មវិធីជំនាន់ថ្មី ដោយមានបេក្ខជនមកប្រឡងជាក់ស្តែង ចំនួន៦៧៨នាក់ (ស្រី៣៧០នាក់) លើបេក្ខជនក្នុងបញ្ជី ចំនួន៦៩៤នាក់។ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សាលានឹងជ្រើសរើសសិស្សសរុប ៥៤០នាក់ បែងចែកជា ១៥ថ្នាក់រៀន (៣៦នាក់ ក្នុងមួយថ្នាក់)។ ទន្ទឹមនឹងនេះ សាលាក៏កំពុងដំណើរការជួសជុល «អគារអាមេរិកាំង (USA)» ឡើងវិញ ដោយបំពាក់បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ និងឧបករណ៍ឌីជីថលទំនើបៗតាមស្តង់ដារអន្តរជាតិ ក្រោមការគាំទ្រពីអង្គការខេប (KAPE)។
លោកបានគូសបញ្ជាក់ថា ការលើកកម្ពស់គន្លងសិក្សា STEM និងជំនាញវិជ្ជាជីវៈ សិស្សដែលប្រឡងជាប់ចូលរៀនកម្មវិធីសាលារៀនជំនាន់ថ្មី នឹងត្រូវតម្រង់ទិសលើ «គន្លងវិទ្យាសាស្ត្រ (STEM)» ដើម្បីបណ្តុះបណ្តាលជំនាញឌីជីថល ការស្រាវជ្រាវ និងបំណិនសតវត្សរ៍ទី២១ (ការគិតបែបស៊ីជម្រៅ និងការដោះស្រាយបញ្ហា)។ ដោយឡែក សម្រាប់គន្លងវិជ្ជាជីវៈផ្នែកកុំព្យូទ័រ ដែលបានដំណើរការមួយឆ្នាំរួចមកហើយនោះ សាលានឹងបន្តទទួលសិស្ស ចំនួន២៤នាក់បន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មីនេះ។
ថ្លែងក្នុងឱកាសនោះ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងសាលារៀន អាជ្ញាធរ និងអាណាព្យាបាល។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ការប្រកួតប្រជែងរបស់សិស្សានុសិស្សបច្ចុប្បន្ន មិនមែនត្រឹមតែក្នុងខេត្តនោះទេ ប៉ុន្តែជាកម្រិតជាតិ និងតំបន់ ដូច្នេះការវិនិយោគលើការអប់រំគឺជាការវិនិយោគដ៏មានតម្លៃបំផុត។
លោកបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ត្រូវបន្តស្វ័យអភិវឌ្ឍសមត្ថភាពវិធីសាស្ត្របង្រៀនថ្មីៗ ធ្វើជាគ្រូបង្វឹក (Mentor) និងរួមគ្នារក្សាសម្ភារ បរិក្ខារសិក្សាឱ្យបានគង់វង្ស។ ចំពោះអាណាព្យាបាលសិស្ស ត្រូវផ្លាស់ប្តូរការគិតដោយមិនត្រឹមតែផ្ញើកូននឹងសាលានោះទេ ប៉ុន្តែត្រូវធ្វើជាដៃគូជិតស្និទ្ធជាមួយសាលារៀន តាមដានការសិក្សា ផ្លូវចិត្ត និងជួយតម្រង់ទិសកូនៗឱ្យជៀសឆ្ងាយពីគ្រឿងញៀន។
បន្ថែមពីនោះអាជ្ញាធរ និងអង្គការដៃគូ (KAPE) ត្រូវបន្តកិច្ចសហការគាំទ្រទាំងបច្ចេកទេស និងធនធាន ដើម្បីធានាឱ្យកម្មវិធីនេះដំណើរការទៅមុខដោយចីរភាព និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

































