FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!

05-09-2026 11:51

(ភ្នំពេញ)៖ ដើម្បីជម្រះមន្ទិលរបស់សាធារណជន​ជុំវិញការប្រើប្រាស់បណ្ណបើកបរឌីជីថលដែលទើបនឹងបង្កើតថ្មី, លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា បណ្ណបើកបរធម្មតា (ជាកាត) និងបណ្ណបើកបរឌីជីថល គឺមានសុពលភាពប្រើប្រាស់ដូចគ្នា ដោយសមត្ថកិច្ចនឹងទទួលស្គាល់ទាំងពីរប្រភេទ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ដូចនេះថា បណ្ណបើកបរឌីជីថលនេះទើបតែត្រូវបានបង្កើតថ្មីឡើងតាមរយៈកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឯកភាពលើការប្រើប្រាស់បណ្ណបើកបរឌីជីថលឌីជីថលនេះ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានសង្កត់ធ្ងន់ថា បណ្ណបើកបរដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូនកន្លងមក (ជាកាត) នៅតែមានគតិយុត្តិជាផ្លូវច្បាប់ និងអាចបន្តប្រើប្រាស់បានជាធម្មតា។ ចំពោះបណ្ណបើកបរឌីជីថលវិញ គឺជាការបញ្ជាក់បន្ថែមការអនុវត្តន៍បន្ថែម និងជាមធ្យោបាយងាយស្រួលសម្រាប់អ្នកបើកបរ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបន្ថែមថា កន្លងមកសមត្ថកិច្ចមួយចំនួនប្រហែលជាមិនទាន់បានឃើញបណ្ណបើកបរក្នុង Super App នេះទេ ទើបតម្រូវឲ្យបង្ហាញបណ្ណបើកបរជាកាត។ ប៉ុន្តែចាប់ពីពេលនេះតទៅក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ គឺបណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល អាចប្រើប្រាស់បានដូចគ្នាប្រកបដោយសុពលភាព៕