មហាឧបាសក អៀង សុធារ៉ា៖ អ្នកមិនសូវចេះ យកចិត្ដទុកនៅអណ្ដាត អ្នកឆ្លាត យកអណ្ដាតទុកក្នុងចិត្ដ (Video inside)
05-09-2026 08:04
(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងលើសារៈសំខាន់នៃការប្រើប្រាស់ពាក្យសម្ដីប្រកបដោយគតិបណ្ឌិត និងមានប្រយោជន៍ដល់សង្គម ពោលគឺ «អ្នកមិនសូវចេះ យកចិត្ដទុកនៅអណ្ដាត អ្នកឆ្លាត យកអណ្ដាតទុកក្នុងចិត្ដ។
លោកបានពន្យល់បន្ថែមថា មិនមែនរឿងទាំងអស់សុទ្ធតែត្រូវនិយាយនោះទេ អ្នកដែលមានចំណេះដឹងច្រើនតែងនិយាយតិចតួច ដែលស្របនឹងពាក្យថា «ត្រចៀកពីរ មាត់មួយ»។ ផ្ទុយទៅវិញ អ្នកដែលមិនសូវចេះ ឬអ្នកល្ងង់ តែងយកចិត្តទៅទុកនៅអណ្ដាត ពោល គឺនិយាយដោយមិនបានគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។ រីឯអ្នកឆ្លាតវៃ និងមានបញ្ញា គេយកអណ្ដាតទៅទុកក្នុងចិត្តវិញ មានន័យថា ទោះបីជាដឹងរឿងច្រើនយ៉ាងណាក៏ដោយ ក៏គេជ្រើសរើសនិយាយតែរឿងណាដែលគួរនិយាយ និងមានប្រយោជន៍ប៉ុណ្ណោះ។
លោកបន្ថែមថា ការនិយាយស្ដីប្រកបដោយប្រយោជន៍ គឺសំដៅលើការនិយាយពាក្យណាដែលនាំមកនូវសេចក្ដីចម្រើន និងសុខសន្តិភាព។ ពាក្យសម្ដីទាំងនោះត្រូវតែប្រកបដោយអង្គបីយ៉ាងគឺ៖ ទីមួយ នាំមកនូវប្រយោជន៍សុខសម្រាប់ខ្លួនឯង។ ទីពីរ នាំមកនូវប្រយោជន៍សុខសម្រាប់គ្រួសារ មិត្តភក្ដិ បងប្អូន និងសង្គមជាតិទាំងមូល និងទីបី នាំមកនូវប្រយោជន៍សុខសម្រាប់ធម្មជាតិទាំងមូល៕
សូមស្តាប់ការលើកឡើងរបស់ មហាឧបាសក អៀង សុធារ៉ា




