FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

⁩ ⁨FASMEC រៀបចំសិក្ខាសាលានៅខេត្តតាកែវ ជំរុញ MSMEs ត្រៀមខ្លួនទទួលហិរញ្ញប្បទាន និងប្រើប្រាស់ប្រព័ន្ធឌីជីថលអភិវឌ្ឍអាជីវកម្ម

04-09-2026 22:43

(តាកែវ)៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានរៀបចំសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

សិក្ខាសាលានេះ ដឹកនាំរៀបចំដោយ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រចាំខេត្តតាកែវ ព្រមទាំងមានការចូលរួមពីអនុប្រធាន សមាជិក FASMEC តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់សហគ្រាសជាច្រើនរូប។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការផ្តល់ចំណេះដឹងជាក់ស្តែងដល់ម្ចាស់សហគ្រាស ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។ សិក្ខាសាលាក៏ជាវេទិកាសម្រាប់ប្រមូលផ្តុំបញ្ហាប្រឈមជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងវិស័យឯកជន។

ថ្លែងក្នុងឱកាសនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការលូតលាស់អាជីវកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឧកញ៉ា តែ តាំងប៉ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តតាកែវ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមន្ទីរ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់កម្មវិធីនេះ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ដៃគូសហការ និងដៃគូឧបត្ថម្ភ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនផលិតចំណីសត្វ ANT FEED, ក្រុមហ៊ុន SCE CONSTRUCTION, អ៊ឹង មុយគៀង អលង្ការពេជ្រ, ក្រុមហ៊ុន ខ្មែរមីលឃីហ្វូដ, ក្រុមហ៊ុន KH Haitech-Haier Global Business និង Vattanac Brewery ដែលបានចូលរួមគាំទ្រ និងរួមចំណែកធ្វើឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅដោយជោគជ័យ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់សហគ្រាស សរុបប្រមាណ ១៨០រូប ដែលបានចូលរួមផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈមជាក់ស្តែងក្នុងការធ្វើអាជីវកម្ម។

តាមរយៈសិក្ខាសាលានេះ FASMEC បន្តជំរុញការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិស័យហិរញ្ញវត្ថុ និងវិស័យឯកជន ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ MSMEs ឱ្យកាន់តែរឹងមាំ និងមានចីរភាព៕⁩