ប្រតិបត្តិករទេសចរណ៍ អំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាវប្បធម៌ សិល្បៈ និងប្រពៃណីរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ
04-09-2026 22:37
(សៀមរាប)៖ លោក ទួន សុគា ប្រធានក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាវប្បធម៌ សិល្បៈ និងប្រពៃណីរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កាន់តែប្រសើរឡើង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៤ ខែកញ្ញានេះ លោក ទួន សុគា បានឲ្យដឹងថា ក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ បច្ចុប្បន្ននេះមានសិស្សមករៀនចំនួន៩៥នាក់ ហើយការមករៀននៅទីនេះ គឹមិនមានបង់ថ្លៃការសិក្សានោះទេ ឲ្យតែមានការស្រឡាញ់វិស័យសិល្បៈ ហើយការសិក្សាដោយឥតគិតថ្លៃ។ ក្រោយចេះជំនាញច្បាស់លាស់ហើយ ក្លឹបនឹងជួយរកការងារឲ្យពួកគាត់ធ្វើទៅតាមជំនាញផងដែរ។
លោកបានបន្តថា សម្រាប់សិស្សដែលមានជីវភាពខ្វះខាតក្នុងការរៀនសូត្រ ក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ ក៏បានស្វះស្វែងរកជំនួយពីសប្បុរសជន ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់ពួកគាត់ តាមលទ្ធភាពដែលក្លឹបរកបាន។ ចំពោះកូនសិស្សដែលមករៀនភាគច្រើន គឺមកពីតាមបណ្តាខេត្តផ្សេងៗ ដែលបានមកតាមឪពុកម្តាយគាត់មកធ្វើការនៅក្រុងសៀមរាប។
លោកបញ្ជាក់ថា ការរៀននៅទីនេះ គឺទាក់ទងទៅនឹងសិល្បៈ មានដូចជា៖ របាំបុរាណ ប្រពៃណី ល្ខោនក្បាច់ ល្ខោនខោល ភ្លេង និងធ្វើខ្មុក ធ្វើមកុដ ព្រមទាំងជំនាញខាងសិល្បៈផ្សេងជាច្រើនៗទៀត។ សម្រាប់ឆ្នាំ២០២៦នេះ គឹមិនសូវមានភ្ញៀវទេសចរនោះទេ ដោយសារប្រទេសរបស់យើង មានជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដូច្នេះហើយ មិនសូវមានភ្ញៀវទេសចរមកទស្សនានោះទេ ហើយក្លឹបក៏មានការខ្វះខាតច្រើនដែរ។
លោក ទួន សុគា សង្ឃឹមថា ឆ្នាំក្រោយនេះនឹងមានភ្ញៀវទេសចរមកទស្សនាច្រើន ហើយវិស័យឯកជនដែលធ្លាប់គាំទ្រយើងនឹងដឹងពីគោលបំណងរបស់យើង នឹងបន្តគាំទ្រយើងវិញ ដើម្បីឲ្យក្លឹបនឹងដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។
លោក ហួត តារា អ្នកគាំទ្រក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានលើកឡើងថា បច្ចុប្បន្ននេះ លោកជ្រើសរើសក្លឹបសិល្បៈនេះ ជាទីតាំងដ៏សំខាន់នៅក្នុងវិស័យទេសចរណ៍មួយ គឺទេសចរច្នៃប្រឌិត ដោយបង្កើតជា បុណ្យដារលាន បុណ្យប្រមូលផលក្នុងភូមិរបស់យើង។ ពិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការសប្បាយរីករាយរបស់ទេសចរ ដោយភ្ញៀវទេសចរមិនត្រឹមតែទស្សនានោះទេ ពួកគាត់ក៏អាចូលរួមលេង និងរៀនរបាំជាមួយគ្នា ព្រមទាំងស្វែងយល់ពីរបាំខ្មែរ និងវេចនំកន្សម ក៏ដូចជាបានយល់ពីប្រពៃណី និងការរស់នៅរបស់ប្រជាជនខ្មែរបន្ថែមទៀត។
លោក តារា បានបន្តថា ធម្មតាសៀមរាបជាទិសដៅទេសចរបែបវប្បធម៌ ភ្ញៀវទេសចរភាគច្រើនគាត់ទៅមើលប្រាសាទ, តំបន់ផាប់ស្រ្តីត និងតំបន់ផ្សេងទៀត ដែលជាទូទៅទេសចរធ្លាប់បានស្គាល់។ ប៉ុន្តែនៅសៀមរាបយើង នៅខ្វះភាពចម្រុះពណ៌ជាច្រើន ដូច្នេះហើយទើបលោកបង្កើនពិធីបុណ្យ «បុណ្យដារលាន» នេះឡើង ដើម្បីបង្កើនឱកាសឲ្យទេសចរស្នាក់នៅក្នុងខេត្តយើងបានយូរ។
លោកបន្ថែមថា សម្រាប់ភ្ញៀវទេសចរដែលមកចូលរួមនៅទីនេះ គឺតម្រូវឲ្យគាត់ចុះឈ្មោះដើម្បីការការពារកុមារ និងមានលេខសម្រាប់ទំនាក់ទនង ដោយសារនៅទីនេះ យើងមានសិស្សដែលមានអាយុក្រោម១៨ឆ្នាំ ក្នុងករណីមានបញ្ហាអ្វីមួយជាមួយនឹងសិស្ស, កម្មវិធីប្រគេនចង្ហាន់ជូនព្រះសង្ឃ និងអ្នកប្រគេនមានកិច្ចអ្វីខ្លះ ព្រមទាំងរៀនរាំរបាំរួមគ្នា និងស្វែងយល់ពីរាំបាំរួមគ្នាផងដែរ។
ជាមួយនេះ លោកបញ្ជាក់ថា នៅសៀមរាបយើង គឺមិនទាន់មានប្រតិបត្តិករទេសចរណ៍ណា រៀបចំជាកញ្ចប់ទេសចររបៀបនេះឡើយ នេះជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនាខេត្តសៀមរាប៕































